ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមអញ្ជើញសំណេះសំណាល ជាមួយប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង

    BY Naren October 22, 2022
    សម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមអញ្ជើញសំណេះសំណាល ជាមួយប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង

    (សៀមរាប)៖ នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង។

    តំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ តំបន់អភិវឌ្ឍន៍ពាក់ស្នែង ជាកន្លែងថ្មីមួយទៀតបន្ទាប់ពីតំបន់អភិវឌ្ឍន៍រុនតាឯក ដែលរាជរដ្ឋាភិបាលរៀបចំបង្កើតជាភូមិឋាន និងបែងចែកដីធ្លីជូនប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីរមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ តំបន់អភិវឌ្ឍន៍ពាក់ស្នែងមានចម្ងាយប្រមាណជា ២០គីឡូម៉ែត្រ ពីតំបន់អង្គរ។ រាជរដ្ឋាភិបាលនឹងកសាងហេដ្ឋារចនាសម្ព័ន្ធនានាមិនខុសពីតំបន់អភិវឌ្ឍន៍រុនតាឯកនោះឡើយ ដើម្បីគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

    សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាចំនួន៣លើករួចមកហើយ។ ៣លើកកន្លងទៅធ្វើឡើងជាមួយពលរដ្ឋដែលត្រូវទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក។ លើកទី១) ថ្ងៃទី១៣ ខែកញ្ញា ២០២២ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ ១,១១៧គ្រួសារ។ លើកទី២) ថ្ងៃទី០១ ខែតុលា ២០២២ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ ២,៧៥១គ្រួសារ លើកទី៣) ថ្ងៃសុក្រ ទី២១ ខែតុលា ២០២២ ដោយមានប្រជាពលរដ្ឋប្រមាណ ១,៨៥៣គ្រួសារ៕

    Share This Post: