ដំណើរការប្រឡងមធ្យមសិក្សាបឋមភូមិ ប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ដំណើរការប្រឡងមធ្យមសិក្សាបឋមភូមិបានប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ដោយសិស្សានុសិស្សចូលរួមប្រឡងបានបង្ហាញទឹកមុខសប្បាយរីករាយ ប្រកបដោយទំនុកចិត្ត។

សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ក្រសួងអប់រំបានកំណត់កាលបរិច្ឆេទ នៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាបឋមភូមិឬហៅថាឌីប្លូម នៅថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២២ នឹងគ្រោងប្រកាស លទ្ធផលនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។
គួររំឭកថាកាលពីពេលថ្មីៗនេះ ឯកឧត្តម រស់ សុវាចា អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវនិងផ្តាំផ្ញើដល់បេក្ខជន ដែលត្រៀមប្រឡង ត្រូវព្យាយាមបន្តខិតខំរៀនសូត្រ ក្នុងថ្នាក់ និងរៀនខ្លួនឯងបន្ថែម ព្រមទាំងស្តាប់ឱវាទមាតាបិតា ឬ អ្នកអាណាព្យាបាល ។ បន្ថែមពីនោះទៀត បេក្ខជនប្រឡងទាំងអស់ ក៏ត្រូវតែបន្តអនុវត្តគោលការណ៍សុខាភិបាល គោរពច្បាប់ចរាចរណ៍ ចៀសវាងការ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងបារីគ្រប់ប្រភេទ ដើម្បីរក្សាសុខភាព និងអាយុជីវិត ក្នុងការឈានជើង ទៅប្រឡង។ឯកឧត្តមបន្តថា ទោះបីជាឆ្នាំកន្លងទៅស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ ក៏ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្ដពង្រឹងការលើកកម្ពស់គុណភាពប្រឡងឱ្យបានល្អដូចមុនៗ ដើម្បីទទួលបានធនធាន មនុស្សដែលមានសមត្ថភាពពិត ប្រាកដសម្រាប់បម្រើកិច្ចអភិវឌ្ឍន៍ជាតិ។
សូមបញ្ជាក់ថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡងថ្ងៃទី២៤ តុលា ២០២២ មានចំនួនសរុប ១៧៤ ៧២៦ នាក់ ស្រី៩៥ ១២៧នាក់, សិស្សចំណេះទូទៅ ១៧៣ ៤៦៦នាក់ ស្រី ៩៤ ៨៧៦នាក់, ស្វៃរិន ១៣៦នាក់ ស្រី ៤៥នាក់, បំពេញវិជ្ជា ១ ០៧៦នាក់ ស្រី ១៩២នាក់, គថ្លង់ ២៩ នាក់ ស្រី ០៩ នាក់, ពិការភ្នែក ១៩ នាក់ ស្រី០៥ នាក់ ដែលមានមណ្ឌលសរុប ១ ៧២៣ បន្ទប់សរុប ៧ ៨១៦។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ក្រសួងអប់រំ បន្តប្រគល់ សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុង ជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗរៀបចំការប្រឡង ចាប់តាំងពីការរៀបចំវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុ និងប្រកាសលទ្ធផលតាមគ្រឹះស្ថាន មធ្យមសិក្សានីមួយៗដោយរក្សាយន្តការដូចឆ្នាំកន្លងមក។
ជាមួយគ្នានេះសម្រាប់ការប្រឡងឆ្នាំនេះ មានរយៈពេល២ថ្ងៃពេញ ចាប់ពីថ្ងៃទី២៤ ដល់ ២៥ ខែតុលា ឆ្នាំ២០២២ ហើយសម្រាប់ពេលវេលាប្រកាសលទ្ធផល នឹងត្រូវធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ៕




ប្រភព៖ ក្រសួងព័ត៌មាន