សម្តេចតេជោ ហ៊ុន សែន ព្រឹកនេះអញ្ជើញប្រគល់ស្រូវពូជ ជូនកសិករជាង ៥ពាន់គ្រួសារនៅខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រឹកថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញប្រគល់ស្រូវពូជ ៥១៤,៥០០គីឡូក្រាម ជូនកសិករប្រមាណ ៥,១៤៥គ្រួសារ រងគ្រោះដោយសារគ្រោះទឹកជំនន់នៅខេត្តពោធិ៍សាត់។

ឯកឧត្ដមចេង ឡៃ អភិបាលស្តីទីនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ទឹកជំនន់ បានបង្កឱ្យប៉ះពាល់ភូមិសាស្រ្ត ៧ក្រុង/ស្រុក. ប៉ះពាល់ប្រជាពលរដ្ឋសរុបចំនួន ១៣.៧៧៥គ្រួសារ ស្មើនឹងចំនួន ៦,៧០៩ខ្នងផ្ទះ។ ជម្លៀសប្រជាជនរយៈពេលខ្លីទៅកាន់ទីទួលសុវត្ថិភាពចំនួន ១៧៤គ្រួសារ។ ក្នុងនោះ លង់ទឹកស្លាប់ចំនួន ៤នាក់។
ទឹកជំនន់ បង្កឱ្យប៉ះពាល់សាលារៀនចំនួន ២៥កន្លែង មណ្ឌលសុខភាពចំនួន ២កន្លែង, ប៉ះពាល់វត្តអារាម និងវិហារសាសនាចំនួន ១៦កន្លែង, ប៉ះពាល់ផ្លូវកៅស៊ូចំនួន ៣,០៥០ម៉ែត្រ,ប៉ះពាល់ផ្លូវគ្រួសក្រហមចំនួន ៩២,១១៥ម៉ែត្រ, ប៉ះពាល់អណ្តូងទឹកចំនួន ៩៦កន្លែង ស្រះទឹកចំនួន ៦៦កន្លែង បង្គន់ចំនួន ២,៣១១កន្លែង។
ឯកឧត្ដម ចេង ឡៃ បានឱ្យដឹងថា គ្រោះទឹកជំនន់នេះ បានបង្កឱ្យប៉ះពាល់ដំណាំស្រូវចំនួន ១៩,៥៩៦ហិកតា ខូចខាតស្រូវចំនួន ៩,៣២១ហិកតា។ ក្នុងនោះផ្ទៃដីអាចស្តារឡើងវិញបានចំនួន ៦,៦៦៨ហិកតា,ប៉ះពាល់ដំណាំកសិ-ឧស្សាហកម្មចំនួន ៣,០៤៧ហិកតា និងដំណាំរួមផ្សំចំនួន ៣,២០៩ហិកតា។
ទន្ទឹមនឹងការជន់លិចនេះ អាជ្ញាធរ និងកម្លាំងប្រដាប់អាវុធខេត្ត បានយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងដោះស្រាយការលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលទឹកលិចនេះ។
ឯកឧត្ដមអភិបាលស្តីទីខេត្ត បានឱ្យដឹងថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងសាខាកាកបាទក្រហមកម្ពុជា បានឆ្លើយតបស្បៀងសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ១,០៣២គ្រួសារ ក្នុងនោះស្រុកកណ្តៀងចំនួន ២០៥គ្រួសារ និងស្រុកក្រគរចំនួន ៨២៧គ្រួសារ៕




ប្រភព៖ ក្រសួងព័ត៌មាន