ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យឯកឧត្តម ជា សុផារ៉ា រៀបចំកាត់ឆ្កៀលដីតំបន់៣នៅបឹងទន្លេសាប ជូនពលរដ្ឋឱ្យបានមុនចូលឆ្នាំខ្មែរខាងមុខនេះ

    BY Khmernote Media October 26, 2022
    សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យឯកឧត្តម ជា សុផារ៉ា រៀបចំកាត់ឆ្កៀលដីតំបន់៣នៅបឹងទន្លេសាប ជូនពលរដ្ឋឱ្យបានមុនចូលឆ្នាំខ្មែរខាងមុខនេះ

    ខេត្តកំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាឱ្យ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីកម្មនិងសំណង់ រៀបចំកាត់ ឆ្កៀលដីតំបន់៣នៅបឹងទន្លេសាប ជូនពលរដ្ឋឱ្យបានមុនចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីឱ្យពួកគាត់បានរស់នៅ ទីតាំងដដែល។

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាស ផ្តល់ពូជ ស្រូវ ជូនប្រជាកសិកររងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅខេត្តកំពង់ឆ្នាំង ចំនួន៣,៤៦០គ្រួសារ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

    សម្តេចតេជោបញ្ជាក់ថា ប្រជាពលរដ្ឋបានរស់នៅតំបន់បឹងទន្លេសាបតំាងពីយូរមកហើយ ដោយភូមិ ខ្លះមានអាយុកាលរហូត១០០ឆ្នាំ ដូចនេះ ទោះបីជាស្ថិតនៅក្នុងតំបន់២ឬតំបន់៣ ត្រូវធ្វើយ៉ាងណា សម្រួលឱ្យប្រជាពលរដ្ឋបានរស់នៅកន្លែងដដែល ដោយបន្ថែមទៅដោយការគិតគូរតំបន់៣ត្រូវកាត់ជាតំបន់២ ឬតំបន់២ត្រូវកាត់ជាតំបន់១។ ហេតុដូចនេះ សម្តេចតេជោបញ្ជាឱ្យ ឯកឧត្តម ជា សុផារ៉ា ជាមួយនឹងបណ្តា ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណាឱ្យរួចរាល់នៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីឱ្យពួក គាត់បានរស់នៅទីតាំងដដែល។

    សម្តេចតេជោបន្តថា ការលិចលង់នាពេលនេះ ក៏មានមួយផ្នែកឋិតនៅតំបន់ បឹងទន្លេសាប ហើយនេះក៏ជាសារមួយ សម្រាប់ផ្ញើជូនទៅខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង ដែលនេះជាការដោះស្រាយ ដើម្បីឱ្យប្រជាពលរដ្ឋមានស្ថិរភាព នៅក្នុងការ កសាងជីវភាពរស់នៅ។

    សំឡេង៖ ឥឡូវនេះយើងបានរកឃើញវិធីសាស្ត្រដើម្បីឱ្យប្រជាពលរដ្ឋអាចរស់នៅបានផង និងយើងថែទាំ បឹងទន្លេសាបបានផង អ៊ីចឹងតំបន់ដែលប្រជាជនធ្លាប់រស់នៅ ឱ្យគាត់បន្តរស់នៅតទៅទៀត ដោយកុំរើគាត់ ចេញ ព្រោះកន្លែងនោះ ខ្ញុំនៅចាំបានថា មានកន្លែងខ្លះខ្ញុំធ្លាប់ទៅធ្វើសាលារៀនឱ្យ មានដូចជា សាលាបណ្ដែត ទឹក ដូច្នេះតើយើងត្រូវយកគាត់ទៅណា? អ៊ីចឹងទេក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋរបស់យើង រស់នៅដោយមិនប្រាកដប្រជាថា តើត្រូវរស់នៅកន្លែងណាទៀត ឥឡូវថ្ងៃនេះខ្ញុំបញ្ជូនសារជាក់លាក់ សម្រាប់ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បឹងទន្លេសាប ប៉ុន្តែខ្ញុំគ្រាន់តែសុំយកត្រឡប់មកវិញ នូវដីដែលទន្ទ្រាន ដោយ អ្នកមានអំណាច ឬអ្នកខិលខូចទាំងឡាយ ដែលមិនមែនជាភូមិ អាករចាស់តែប៉ុណ្ណោះ ហើយយើង ត្រូវដាំកូនឈើឡើងវិញ ដើម្បីឱ្យទៅជាព្រៃលិចទឹក សម្រាប់ប្រជាពលរដ្ឋ។»

    នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំកាប់ព្រៃលិចទឹក ក្នុងបឹងទន្លេសាប ត្រូវថែរក្សាព្រៃលិចទឹកនោះឱ្យបានល្អ ដើម្បីជាជម្រកត្រីពងកូន ជាប្រយោជន៍របស់ ប្រជាជនយើង ទៅថ្ងៃអនាគត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: