ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធររាជធានីភ្នំពេញអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនិងកុងស៊ីបញ្ចាំខុសច្បាប់ ជាទ្រង់ទ្រាយធំនៅក្នុងរាជធានីភ្នំពេញ

    BY Khmernote Media October 27, 2022
    អាជ្ញាធររាជធានីភ្នំពេញអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនិងកុងស៊ីបញ្ចាំខុសច្បាប់ ជាទ្រង់ទ្រាយធំនៅក្នុងរាជធានីភ្នំពេញ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំពិភាក្សាការងារលើការគ្រប់គ្រងអាជីវកម្មបញ្ចាំ និងទទួលប្រតិភោគដោយអនុប្បទាននៅក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យកុងស៊ីបញ្ចាំធ្វើអាជីវកម្មដោយស្របច្បាប់ មិនបង្កបទល្មើស ការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងរកចំណូលជូនជាតិបានថែមទៀត។

    កិច្ចប្រជុំពិភាក្សានេះបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ,ប្រធានសមាគមអ្នកទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទានកម្ពុជានិងគណៈប្រតិភូនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។

    ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ កិច្ចប្រជុំពិភាក្សានេះធ្វើឡើង ដើម្បីស្វែងរកធាតុចូលមួយ យកមកអនុវត្តឱ្យបានល្អ ទាំងអ្នកបើកអាជីកម្មបញ្ចាំនិងអ្នកយកទ្រព្យទៅបញ្ចាំ ។ ឯកឧត្ដមបន្តថា ជាទូទៅ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចត្រូវការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ។ កុងស៊ីបញ្ចាំដែលមិនមានច្បាប់ បង្កបទល្មើស ត្រូវតែមានទោសទណ្ឌ។ អាជ្ញាធររាជធានីភ្នំពេញ មិនបានហាមឃាត់បងប្អូនប្រជាពលរដ្ឋ ក្នុងការបើកអាជីវកម្មកុងស៊ីបញ្ចាំនោះទេ តែកុងស៊ីបញ្ចាំនោះត្រូវតែ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ។

    ឯកឧត្ដមឃួង ស្រេង បានបន្តទៀតថា កុងស៊ីបញ្ចាំនេះ មាន២ ៖ទី១ កុងស៊ីបញ្ចាំស្របច្បាប់ វាបានបម្រើផលប្រយោជន៍ឱ្យប្រជាពល រដ្ឋ ខណៈដែលប្រជាពលរដ្ឋមានបញ្ហាអ្វីមួយ ហើយយកទ្រព្យរបស់ពួកគាត់ទៅបញ្ចាំដើម្បីដោះស្រាយ ។ ទី២ កុងស៊ីបញ្ចាំមិនស្របច្បាប់ វាបានបង្កហានិភ័យសម្រាប់ប្រជាពលរដ្ឋ ដោយវាបានបង្កឱ្យមានបទល្មើសលួចឆក់ប្លន់ ។ដូច្នេះការងារនេះយើងត្រូវរៀបចំឱ្យបានល្អ ដើម្បីបម្រើផលប្រយោជន៍ទាំងសងខាង ពោលគឺបានប្រយោជន៍ទាំងកុងស៊ីបញ្ចាំនិងអ្នកយកទ្រព្យទៅបញ្ចាំ និងបានរកចំណូលចូលរដ្ឋថែមទៀត។

    ជាក់ស្តែងសម្រាប់ពេលនេះ ពោលគឺក្រោយពីអាជ្ញាធររាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនិងកុងស៊ីបញ្ចាំខុសច្បាប់ ជាទ្រង់ទ្រាយធំនៅក្នុងរាជធានីភ្នំពេញ ឃើញថា បទល្មើសលួចឆក់ ប្លន់ ធាក់យកម៉ូតូ បានស្ងប់ស្ងាត់ ដែលការងារនេះត្រូវតែបន្តអនុវត្តឱ្យកាន់តែល្អប្រសើរថែមទៀត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: