ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា ក្រសួងកំពុងពិចារណាជាមួយក្រុមហ៊ុន ទៅលើតម្លៃអូសរថយន្តខូចនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ឱ្យបន្ធូរបន្ថយ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រសួងកំពុងពិចារណាជាមួយក្រុមហ៊ុន ទៅលើតម្លៃអូសរថយន្តខូចនៅលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ឱ្យបន្ធូរបន្ថយ។ ថ្លែងក្នុងសន្និសីទ សារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ » នៅទីស្តីការគណៈរដ្ឋមន្រ្តី។

នៅក្នុងប្រសាសន៍របស់ ឯកឧត្ដម ស៊ុន ចាន់ថុល បានឱ្យដឹងថា “នៅពេលដែលឡានបែកកង់ គឺយើងមានសិទ្ធ ៣០នាទី ដើម្បីដូរកង់ ឬជួសជុលវិញកន្លះម៉ោង យឺតជាងនឹងគេឱ្យឡានអូសយកចេញ ព្រោះអត់ចង់ទុកនៅលើផ្លូវល្បឿនលឿនទេ អានឹងគឺគ្រោះថ្នាក់ណាស់ នៅពេលឡានបើកល្បឿន ១២០Km/h ឈរជិតអាចបង្កជាគ្រោះថ្នាក់ អ៊ីចឹងសូមប្រយ័ត្នប្រយែង ហើយគ្រោះថ្នាក់នេះ ក៏មានកងអន្តរគមន៍របស់ក្រុមហ៊ុនផ្លូវល្បឿនលឿន គេទៅជួយដែរ ។ ” ឯកឧត្ដម ស៊ុន ចាន់ថុល បានបន្ថែមទៀតថា៖ “ប្រជាពលរដ្ឋរបស់យើងបានសិក្សារួចហើយ គឺថ្លៃណាស់ ថ្លៃពេកតម្លៃនឹង ក្រសួងក៏បានពិភាក្សាគ្នាជាមួយក្រុមហ៊ុន ឱ្យពិចារណាលើតម្លៃអូសរថយន្តខូចលើផ្លូវល្បឿនលឿន កំពុងពិចារណា ប៉ុន្តែនៅភ្នំពេញគឺដូចគ្នា នៅពេលរថយន្តខូចក៏មិនតិចជាង ១០០ដុល្លារដែរ ប៉ុន្តែដល់នៅផ្លូវល្បឿនលឿនអត់ដែលមាន ស្រែកថាថ្លៃណាស់ ១០០ដុល្លារហើយក៏នៅថ្លៃ ប៉ុន្តែនៅក្នុងភ្នំពេញវិញ គឺចង់ថ្លៃជាងផង។ ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងតែពិភាក្សាគ្នា ជាមួយក្រុមហ៊ុនឱ្យបញ្ចុះតម្លៃបន្តិច ហើយមួយទៀត យើងហាមថាកុំឈប់រថយន្តថតរូបនៅតាមផ្លូវ ដោយយើងឃើញមានបងប្អូនប្រជាពលរដ្ឋរបស់យើង ឈប់ថតរូប មានទាំងឈប់នោមតាមផ្លូវទៅទៀត នេះគឺគ្រោះថ្នាក់ណាស់ ល្បឿនពី១០០ ទៅ ១២០Km/h បើឈរជិតគឺញ័រចង់ខ្ទៀត អ៊ីចឹងសូមមេត្តាកុំឈប់ ទៅដល់កន្លែង Rest area គេទៅមាន ម្ខាង ៤កន្លែង ទាំងសង់ខាង យើងឈប់សម្រាបទៅថតរូបទៅ នៅម្ដុំពេជ្រនិលគឺស្អាតណាស់ យើងកុំទៅឈរនៅតាមផ្លូវយ៉ាងនឹងទៅទៀត “។
ឯកឧត្ដម ស៊ុន ចាន់ថុល សូមជម្រាបជូនថា នៅផ្លូវល្បឿនលឿន គឺមានមណ្ឌលរបស់ក្រុមហ៊ុន មានកាំមេរ៉ាចាប់ទាំងអស់ តាំងពីដើមទី រហូតទៅដល់ចុងទី នៅពេលដែលរថយន្តខូចភ្លាម គឺគេបញ្ជូនឡានឱ្យទៅជួយភ្លាមគេជួយមើលរថយន្តរបស់យើង ហើយម្ចាស់រថយន្តដែលខូចនេះ គឺពួកគាត់មានពេល ៣០នាទី ដើម្បីជួសជុលឡានរបស់ពួកគាត់ បន្ថែមពីនេះទៅទៀត ក្រសួងកំពុងពិភាក្សាជាមួយក្រុមហ៊ុន ជួយសម្រួលកាត់បន្ថយតម្លៃអូសរថយន្តខូចទៅស្ថាយនីដែលនៅជិតបំផុតលើផ្លូវល្បឿនលឿននេះផងដែរ៕




ប្រភព៖ ក្រសួងព័ត៌មាន
រូបភាព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK