ខ្មែរណូត

ស្វែងរក

  • រថយន្ត

    ក្រុមហ៊ុន Tesla កំពុងប្រឈមមុខនឹងការស៊ើបអង្កេតព្រហ្មទណ្ឌ ជុំវិញការអះអាងលើមុខងារ Autopilot របស់ខ្លួន

    BY autoadmin October 27, 2022
    ក្រុមហ៊ុន Tesla កំពុងប្រឈមមុខនឹងការស៊ើបអង្កេតព្រហ្មទណ្ឌ ជុំវិញការអះអាងលើមុខងារ Autopilot របស់ខ្លួន

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា ក្រុមហ៊ុន Tesla Inc (TSLA.O) កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតឧក្រិដ្ឋកម្ម ជុំវិញការអះអាងថា រថយន្តអគ្គិសនីរបស់ខ្លួនអាចបើកបរដោយខ្លួនឯងបាន។ ប្រភពដែលដឹងពីបញ្ហានេះបាននិយាយថា ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានចាប់ផ្តើមការស៊ើបអង្កេតចាប់តាំងពីឆ្នាំមុន បន្ទាប់ពីមានឧបទ្ទវហេតុប៉ះគ្នាជាច្រើនលើក ដែលករណីខ្លះបណ្ដាលឱ្យស្លាប់ ពាក់ព័ន្ធទៅនឹងប្រព័ន្ធជំនួយបើកបរ Autopilot របស់ក្រុមហ៊ុន Tesla។ ជម្រាបផងដែរថា ក្រុមហ៊ុនរថយន្ដដទៃ បានបំពាក់យានជំនិះរបស់ពួកគេជាមួយនឹងបច្ចេកវិទ្យាជំនួយអ្នកបើកបរ ដើម្បីរក្សារថយន្តនៅក្នុងគន្លង និងការពារការប៉ះទង្គិចចំពោះមុខ។ ប៉ុន្តែ Tesla បានអះអាងថា បច្ចេកវិទ្យា Autopilot របស់ខ្លួនផ្តល់នូវ «សមត្ថភាពបើកបរដោយខ្លួនឯង» បើទោះបីជាតាមការណែនាំ តៃកុងបើកនៅតែត្រូវកាន់ចង្កូតក៏ដោយ។

    ការស៊ើបអង្កេតដែលអាចនាំឱ្យមានការចោទប្រកាន់ព្រហ្មទណ្ឌប្រឆាំងនឹង Tesla គឺផ្តោតលើថា តើការអះអាងរបស់ Tesla គឺជាការបោកប្រាស់អ្នកប្រើប្រាស់ ឬយ៉ាងណា។ វាក៏ពិបាកក្នុងការចោទប្រកាន់លើ Tesla ទាំងស្រុងផងដែរ ដោយសារថា នាយកក្រុមហ៊ុនគឺលោក Elon Musk ធ្លាប់បាននិយាយជាមួយ Automotive News កាលពីឆ្នាំ២០២០ រួចហើយថា បញ្ហា Autopilot គឺកើតចេញពីអតិថិជន ដែលប្រើប្រាស់ប្រព័ន្ធនេះផ្ទុយពីការណែនាំ។ រថយន្ត Tesla មិនមែនជាប្រភេទស្វ័យប្រវត្តិនោះទេ ខណៈដែលមុខងារ Autopilot ទៀតសោធ គឺស្ថិតក្នុងដំណាក់កាលសាកល្បង (Beta) ប៉ុណ្ណោះ។ ដូច្នេះមានន័យថា វាមិនមែនជាផលិតផលសម្រេចចុងក្រោយនោះទេ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុន Tesla មិនបានឆ្លើយតបទៅនឹងសំណួររបស់ រ៉យទ័រ កាលពីថ្ងៃពុធនោះទេ ខណៈលោក Elon Musk និងអ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ ក៏បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វីទាំងអស់៕

    អត្ថបទ៖ លីដា
    ប្រភព៖ Business Insider

    Share This Post: