ដំណឹងល្អ! រាជរដ្ឋាភិបាលកម្ពុជា នឹងដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធឡើងវិញនៅក្នុងឆ្នាំ២០២៣
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជា នឹងដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធឡើងវិញក្នុងឆ្នាំ២០២៣ នេះបើយោងតាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី អនុម័ត ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

តាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ បានឱ្យដឹងថា ចាប់ពីខែមករា ឆ្នាំ២០២៣៖
-បៀវត្សអប្បបរមារបស់មន្ត្រីរាជការស៊ីវិល នឹងត្រូវបានដំឡើងពីចំនួន ១ ១៧២ ៥០០ រៀល នៅឆ្នាំ ២០២២ ដល់ប្រមាណ ១ ៣០០ ០០០ រៀល។
-គ្រូបង្រៀន និង គ្រូពេទ្យ នឹងត្រូវបានដំឡើងពីចំនួន ១ ២៧២ ៥០០ រៀល នៅឆ្នាំ ២០២២ ដល់ប្រមាណ ១ ៤០០ ០០០ រៀល។
-បៀវត្សនគរបាល (ពលបាលត្រី) នឹងត្រូវបានដំឡើងពីចំនួន ១ ២៥៦ ៩៧៧ រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ) នៅឆ្នាំ២០២២ ដល់ប្រមាណ ១ ៣៨៤ ៤៧៧ រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ)។
-បៀវត្សយោធិន (ពលទោ) នឹងត្រូវបានដំឡើងពីចំនួន ១ ១២៣ ៥០០ រៀល (ដោយមិនគិតបញ្ចូលរបបអង្ករ) នៅឆ្នាំ ២០២២ ដល់ប្រមាណ ១ ២៥១ ០០០ រៀល (ដោយមិនគិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលទាំងរបបអង្ករ ត្រូវជាប្រមាណ ១ ៣០៩ ៤៧៧ រៀល។
ជាមួយគម្រោងដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការនេះ រាជរដ្ឋាភិបាលគ្រោងថវិកាប្រមាណជាង ៩ ៥៥៥ ប៊ីលានរៀល ឬប្រមាណ ២ ២៩៥ លានដុល្លារអាមេរិក សម្រាប់ចំណាយបន្ទុកបុគ្គលិករដ្ឋ នៅក្នុងឆ្នាំ២០២៣ ៕

