សម្ដេចតេជោ ហ៊ុន សែន នៅល្ងាចនេះអាចនឹងចោទសួរទៅលោក ហ្ស៊ីលែនស្គី ពាក់ព័ន្ធនឹងបញ្ហានាំចេញស្បៀងពី ប្រទេសអ៊ុយក្រែន (មានវីដេអូ)
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្តេចនឹងជួបប្រធានាធិបតី អ៊ុយក្រែន តាមទូរស័ព្ទ នៅល្ងាចនេះអាចនឹងចោទសួរទៅលោក ហ្ស៊ីលែនស្គី (Zelenskiy) ពាក់ព័ន្ធនឹងបញ្ហានាំចេញស្បៀងពីប្រទេសអ៊ុយក្រែន ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)។

នៅក្នុងនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ “ទាក់ទិនជាមួយបញ្ហា ឥឡូវនេះបញ្ហាអតិផរណាបានមកដល់ ថ្មីៗនេះបញ្ហារឿង ស្បៀងបាននាំចេញពីអ៊ុយក្រែន ដើម្បីផ្គត់ផ្គង់ទៅកាន់តំបន់ផ្សេងៗ ដែលធ្វើឱ្យមានស្ថិរភាពស្បៀងបង្គួរ បន្ទាប់ពីមានការអាក់ខាននាំចេញពីកំពង់ផែនៅអ៊ុយក្រែន តែឥឡូវនេះចាប់ផ្ដើមមានបញ្ហាតទៅទៀតហើយ អ៊ីចឹងល្ងាចនេះ ខ្ញុំនឹងអាចចោទសួរទៅប្រធានាធិបតី អ៊ុយក្រែន តើវាយ៉ាងម៉េច លើបញ្ហានាំចេញធញ្ញជាតិ នាំចេញស្បៀងពីអ៊ុយក្រែន ព្រោះគាត់សួរមកយើង អ៊ីចឹងយើងក៏សួរទៅគាត់វិញដូចគ្នា ដែលនេះគឺជារឿងធម្មតានៅពេលមេដឹកនាំជួបគ្នា ឬប្រាស្រ័យទាក់ទងគ្នា” ៕








ប្រភព៖ ក្រសួងព័ត៌មាន