សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនអ្នកដោះមីន ទៅជួយបណ្តុះបណ្តាលដល់អ្នកដោះមីនរបស់អ៊ុយក្រែន
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងការបរទេស បានបង្ហាញលទ្ធផល នៃជំនួបតាមទូរស័ព្ទរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងជំនួបតាមទូរស័ព្ទ សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងថា៖ ដោយសហការជាមួយប្រទេសជប៉ុន កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនអ្នកដោះមីនរបស់កម្ពុជា ទៅជួយបណ្តុះបណ្តាលដល់អ្នកដោះមីនរបស់អ៊ុយក្រែនតាមពេលវេលាសមស្រប។
ពាក់ព័ន្ធនិងទំនាក់ទំនងទ្វេភាគី សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លៃអំណរគុណអ៊ុយក្រែន ដែលបានជួយគាំទ្រ និងឧតបត្ថម្ភទទួលយកនិស្សិតកម្ពុជាក្នុងកំឡុងទស្សវត្សរ៍៨០។ សម្តេចតេជោ ក៏ធ្លាប់បានអញ្ជើញទៅទស្សនកិច្ចនៅអ៊ុយក្រែនកាលពីឆ្នាំ១៩៨១ ផងដែរ។
ឯកឧត្តមប្រធានាធិបតី ហ្ស៊ែលឡិនស្គី បានថ្លែអំណរគុណ និងស្វាគមន៍ចំពោះកម្ពុជា ដែលមានបំណងផ្គល់ជំនួយខាងលើដោះមីននេះ។ ឯកឧត្តមប្រធានាធិបតី ហ្ស៊ែលឡិនស្គី ក៏បានអញ្ជើញសម្តេចតេជោនាយករដ្ឋមន្ត្រី ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនតាមពេលសមស្រប ៕


