សម្តេចតេជោ ហ៊ុន សែន លើកឡើងថា កុំវាយតម្លៃរដ្ឋមន្ដ្រីកសិកម្មថ្មី ហើយកុំគិតថា ទាល់តែខ្លួនមានជំនាញកសិកម្មទើបសមរម្យ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាបានរិះគន់ចំពោះអ្នកវាយប្រហារ និងរិះគន់រឿងដាក់រដ្ឋមន្រ្ដីក្រសួងកសិកម្មថ្មីដោយគិតថាទាល់តែជំនាញកសិកម្មទើបសមរម្យទើបធ្វើរដ្ឋមន្ត្រីបាន។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង ៦ ពាន់នាក់ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេច តេជោ ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំបានសង្កេតឃើញថា អ្នកខ្លះធ្វើជំនាញកសិកម្ម តែធ្វើរោងម៉ាស៊ីនកិនស្រូវជំពាក់លុយគេមិនទាន់សង់ ខ្ញុំរម្លឹកថា មន្ដ្រីកសិកម្មនៅ តាមខេត្តមួយចំនួន មានឈ្មោះតែកសិកម្ម ប៉ុន្ដែដាំចេកមិនបានហូបផង»។ សម្ដេចតេជោបានបញ្ជាក់ថា ការតែងតាំងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនទាមទារឱ្យមានជំនាញកសិកម្មនោះទេ ព្រោះជំនាញកសិកម្មមានច្រើនណាស់។ ប៉ុន្ដែអ្វីដែលទាមទារជាចាំបាច់នោះ គឺការគ្រប់គ្រង ការចាត់ចែង និងការដាក់ចេញទិសដៅនានា។
សម្តេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា៖ «អ្នកខ្លះនិយាយមន្ត្រីកសិកម្មម៉ាគរគោកមិនយកធ្វើជារដ្ឋមន្ត្រីកសិកម្មទេ យកវិស្វកររ៉ែឯណាធ្វើរដ្ឋមន្ត្រីកសិកម្មវិញ។ សួរអ្នកឯងចេះកសិកម្មអស់ ឬនៅ ស្អីខ្លះកសិកម្មនោះនិយាយឱ្យច្បាស់ ថ្ងៃក្រោយប្រយ័ត្នក្មេងប្រដៅ។ កសិកម្មមានច្រើន តើអ្នកចេះអស់ ឬនៅ កសិកម្មមិនមែនគ្រាន់ដាំស្រូវតែមួយមុខឯណា។ កសិកម្មមានទាក់ទងនឹងដំណាំនេះ ដំណាំនោះ មានទាំងកៅស៊ូ…កុំនិយាយធុននឹង ឬដោយសារភាពច្រណែន ឬស្អីបានចេញភាសាហ្នឹងមក»។
សម្តេចតេជោក៏បានលើកឡើងពីកសិកម្មដូចជាការចិញ្ចឹមសត្វ តើចេះអស់ទេ ដូចជាការចិញ្ចឹមបង្កង ចិញ្ចឹមសត្វច្រើនពេញទឹកពេញដី។ ប៉ុន្ដែភាពជាអ្នកដឹកនាំអ្វីដែលសំខាន់ គឺចេះប្រើប្រាស់មន្ដ្រីដែលក្រោមការគ្រប់គ្រងរបស់ខ្លួន ដើម្បីដាក់ចេញគោលនយោបាយ ដឹកនាំធ្វើការងារឱ្យបានត្រឹមត្រូវបំផុត។ ទន្ទឹមនេះ សម្ដេចតេជោបានបញ្ជាក់ថា សម្ដេចមិនប្រដៅចំពោះអ្នកវិភាគ ឬអ្នកលើកឡើងនោះទេតែ កុំវាយតម្លៃរដ្ឋមន្ដ្រីកសិកម្មថ្មី ហើយកុំគិតថា «ទាល់តែអាញ់ជំនាញកសិកម្ម ទើបសមរម្យ»។
សម្ដេចតេជោបញ្ជាក់បន្ថែមថា៖ «អ្នកខ្លះធ្វើជំនាញកសិកម្ម ធ្វើតែរោងម៉ាស៊ីនកិន ស្រូវជំពាក់លុយគេ មិនទាន់សង ថាខ្ញុំមិនដឹង ចឹងធ្វើកសិកម្មខ្លួនឯងមិនចេះផង»។ «ពីដើមខ្ញុំឧស្សាហ៍ដើរទៅតាមខេត្ត មិនមែនជាការបន្ទោស បង្អាប់មន្ដ្រីកសិកម្មនៅតាមខេត្តទេ ក៏ប៉ុន្ដែចង់ដាស់តឿន ខ្ញុំថា ពួកអស់លោកកសិកម្ម មានឈ្មោះតែកសិកម្មទេ តែដាំចេកមិនដែលឃើញបានផ្លៃស៊ី។ កន្លែងមន្ទីរមួយៗ អត់មានដើមឈើទេ អត់មានដាំបន្លែ ដាំបង្ការ អន់ជាងសាលារៀនដែលគ្រូបង្រៀន ធ្វើកន្លែងក្មេងដាំ»។
សម្តេចតេជោនាយករដ្ឋមន្រ្ដីបានបន្ថែមថា ការលើកឡើងនេះមិនមែនជាការបន្តុះបង្អាប់មន្ត្រីនៅថ្នាក់ខេត្តទេ តែគ្រាន់តែជាការដាស់តឿនថាពួកអស់លោកអ្នកកសិកម្មធ្វើកសិកម្មគ្រាន់តែដាំចេកមិនបានចេកហូបផង។ នៅមន្ទីកសិកម្មគ្រាន់ដាំបន្លែ ឬចេកអត់ឃើញផង ចាញ់នៅសាលារៀនផង។ សម្តេចតេជោបានសង្កត់ធ្ងន់ថា៖ «ខ្ញុំមិនមែនជាការវាយបកនោះទេ ប៉ុន្តែគ្រាន់តែថាហួសហេតុពេកថាការដូររដ្ឋមន្ត្រីកសិកម្មមិនតម្លាភាព។ តែខ្ញុំគ្រាន់តែបញ្ជាក់ ខ្ញុំមិនចាំឆ្លងអ្នកទេ តែប៉ុន្មាននេះក៏ជាការបំភ្លឺអ្នកមួយចំនួនដែលទំនាស់នឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញផងដែរ»។
ជាមួយគ្នានោះដែរសម្តេចតេជោបានអះអាងថា ទោះបីជាសម្តេចដឹកនាំប្រទេសមិនចេះស្អីផងកាលពីដើមនោះ តែការដឹកនាំល្អគឺចេះដាក់ទិសដៅគោលនយោបាយឱ្យថ្នាក់ក្រោមធ្វើតាម ហើយទទួលបានលទ្ធផល៕

ប្រភព៖ ក្រសួងព័ត៌មាន