ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសាធារណការថ្លែងថា ឧបករណ៍បច្ចេកទេសថែទាំស្ពានថ្មី បានផ្តល់ភាពងាយស្រួលក្នុងការថែរក្សាស្ពានឱ្យបានទាន់ពេលវេលា

BY
srey nuch
November 3, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា​ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ឧបករណ៍បច្ចេកទេសថែទាំស្ពានថ្មី បានផ្តល់ភាពងាយស្រួលក្នុងការថែរក្សាស្ពានឱ្យបានទាន់ពេលវេលា ដើម្បីបញ្ចៀសការខូចខាតធ្ងន់ធ្ងរ ក៏ដូចជារក្សាឱ្យបាននូវការតភ្ជាប់ចរាចរណ៍ជូនប្រជាពលរដ្ឋ។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងឱកាសចុះទៅពិនិត្យស្ពានព្រែកតា មាក់ និងការស្វែងយល់បន្ថែមពីការប្រើប្រាស់គ្រឿងចក្រ និងឧបករណ៍បច្ចេកទេសថែទាំស្ពាន ពីអ្នកជំនាញការរបស់ក្រុមហ៊ុនចិន នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមាន ប្រសាសន៍ថា រថយន្តដែលជាឧបករណ៍សម្រាប់ចុះពិនិត្យបាតស្ពាន បានផ្តល់ភាពងាយស្រួលក្នុងការចុះពិនិត្យមើលអំពីសភាពបាតស្ពាន ដើម្បីធានាក្នុងការជួសជុលឱ្យបានឆាប់រហ័ស ចំណេញថវិកានិងធានាគុណភាពក្នុងប្រើប្រាស់ស្ពានឱ្យបានយូរអង្វែងតាមអាយុ កាលដែលបានកំណត់ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្តថា ពីដើមក្រសួងពុំមានឧបករណ៍សម្រាប់ចុះពិនិត្យ មើលបាតស្ពាននោះទេ ដោយត្រឹមចងខ្សែចុះពិនិត្យ ដែលវាពិបាកក្នុងការចុះត្រួតពិនិត្យជួសជុល។ ឯកឧត្តម បានបញ្ជាក់ថា ឧបរកណ៍ដែលជារថយន្តសម្រាប់ពិនិត្យបាតស្ពាន និងជួសជុលស្ពាននេះ មានតម្លៃ៨០ម៉ឺនដុល្លារអាមេរិក មានតែមួយនៅកម្ពុជា ដែលក្រសួងសាធារណការបានបញ្ជាទិញ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការពិនិត្យនិងជួសជុលស្ពាននានា នៅទូទាំងប្រទេសកម្ពុជា។

សំឡេង « ពីដើមយើងអត់ មានឧបករណ៍នេះទេ យើងពិបាកចុះមើលបាតស្ពាន ចង ខ្សែពួរយោងចុះ យោងឡើងអត់កើតទេ ដូច្នេះយើងទិញម៉ាស៊ីនឡាននេះ យើងអាចចុះបាន១០នាក់ យើងអាចងាយ ស្រួល ហើយឡានអាចទៅមុខ ថយក្រោយស្រួល អ៊ីចឹងយើងអាចមើលថា ប្រេះឬអត់ យើងអាចជួសជុលបានឬអត់។ អ៊ីចឹងយើងមកថ្ងៃនេះបង្ហាញអំពីសមិទ្ធផលថ្មី រថយន្តថ្មី ដែលមានលទ្ធភាពច្រើន » ។

ក្រោយពីការចុះត្រួតពិនិត្យ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ស្ពានព្រែកតាមាក់ គឺនៅមាន គុណភាពល្អ ដោយមានការប្រេះបន្តិចបន្តួច ខណៈដែលក្រសួងបានធ្វើការជួសជុល ដើម្បីធានាក្នុងការប្រើប្រាស់ស្ពាននេះជាបន្តទៀត ។

សូមជម្រាបថា ស្ពានព្រែក តាមាក់ គឺជាស្ពានមួយក្នុង ចំណោមស្ពានដទៃទៀត ដែលឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅផ្លូវជាតិលេខ៨ ។ ស្ពាននេះត្រើយខាងលិច ស្ថិតក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល ត្រើយខាងកើត ស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: