សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា នាពេលខាងមុខទាំងស្ថាប័នរដ្ឋ និងឯកជន ត្រូវធ្វើតេស្តរកសារធាតុញៀនជាមុនសិន មុនឱ្យចូលធ្វើការ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា នាពេលខាងមុខទាំងស្ថាប័នរដ្ឋ និងឯកជន ត្រូវធ្វើតេស្តរកសារធាតុញៀនជាមុនសិន មុនឱ្យចូលធ្វើការ។

ក្នុងប្រសាសន៍របស់ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា៖ “ថ្ងៃអនាគតទៅ អ្នកបើកឡានឱ្យក្រុមហ៊ុន ត្រូវតែធ្វើតេស្តទាំងអស់ ច្បាប់ចរាចរណ៍ថ្មីកំពុងតែរៀបចំ និងបញ្ជូលបញ្ហាទាំងនេះ ព្រោះបើមិនចឹងទេអ្នកបើកឡានអាចបុកគេ ជាពិសេសឡានធំៗ បើកបុកគេបុកឯង ដោយសារតែគ្រឿងស្រវឹងអ៊ឺចឹង ត្រូវតែធ្វើតេស្ត មិនមែនធ្វើតេស្តតែជ្រើសរើសដំបូងនោះទេ ឧបមាថា ៦ខែធ្វើតេស្តម្ដង ឬ៣ខែធ្វើតេស្តម្ដង ដាក់កម្មវិធីឱ្យច្បាស់លាស់។ នេះក៏ជាវិធានការមួយប្រឆាំងគ្រឿងញៀនដែរ ក្នុងករណីដែលអ្នកបើកបរឱ្យក្រុមហ៊ុន អ្នកចូលមន្ត្រីរាជការ មានសារញៀនមិនអាចឱ្យចូលបម្រើការងារបានទេ មួយវិញទៀតអ្នកធ្វើការនៅភោជនីយដ្ឋាន សណ្ឋាគារ ត្រូវធ្វើតេស្តទាំងអស់ នេះក៏ជាវិធានការរាលរាំងមួយ នៃការប្រើប្រាស់គ្រឿងញៀនដែរ “។
សម្តេចក្រឡាហោម ស ខេង បានបន្ថែមថា៖ ត្រូវដាក់ច្បាប់នឹងឱ្យណែនបន្តិច ក្នុងវិសោធនកម្មច្បាប់គ្រឿងញៀនបន្ថែមចូលចំនុចខាងលើនេះ ស្នើឯកឧត្ដម កើត រិទ្ធ ដើម្បីពិនិត្យបញ្ជូលច្បាប់នឹង អ្នកធ្វើការទាំងអស់ត្រូវធ្វើតេស្ត ប៉ុស្ដិ៍ប៉ូលិស ធ្វើប៉ូលិស ធ្វើមន្ត្រីរាជការ ទាំងគ្រូបង្រៀងទាំងអស់ ត្រូវធ្វើតេស្តគ្រប់គ្នា ដើម្បីទប់ស្កាត់គ្រឿងញៀន ធ្វើម៉េចការពារកូនចៅយើង កុំឱ្យលង់ដោយសារគ្រឿងញៀន ជាពិសេសសង្គមរបស់យើងទាំងមូល ៕