ចាប់ពីថ្ងៃទី០៩ ដល់ ១៥ ខែវិច្ឆិកា អាកាសធាតុកម្ពុជា នឹងអាចមានភ្លៀងពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុ នៅកម្ពុជាចាប់ពីថ្ងៃទី៩-១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្ងៃទី៩-១០ ខែវិច្ឆិកា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលខ្លាំងពីទ្រនុងសម្ពាធខ្ពស់ និងខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនបង្គួរ និងពីថ្ងៃទី១១-១៥ ខែវិច្ឆិកា ឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ និងខ្យល់បក់មកពីទិសឦសានខ្សោយ ដោយ ទំនូលខ្លាំងនៃជ្រលងសម្ពាធទាបពីសមុទ្រចិនខាងត្បូង បង្កើតឡើងនូវបាតុភូតនៃជំនួបរវាងម៉ាសខ្យល់ក្ដៅ និងត្រជាក់ (Convections ) លើកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
តំបន់ទំនាបកណ្តាល ៖ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C, សីតុណ្ហភាពអតិបរមា មាន ៣១-៣៣ °C, ពីថ្ងៃទី៩-១០ ខែវិច្ឆិកា អាចមានភ្លៀងតិចតួច។ បន្ទាប់ពីនោះនឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ។
តំបន់ខ្ពង់រាប៖ សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C, សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C, ពីថ្ងៃទី៩-១០ ខែវិច្ឆិកា អាចមានភ្លៀងតិចតួច។ បន្ទាប់ពីនោះនឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គរ លាយឡំទៅដោយផ្គរ រន្ទះ។
តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤°C, សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C, អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ៕