ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសេដ្ឋកិច្ច នឹងដាក់ឱ្យប្រើប្រាស់ ថ្នាលឌីជីថលគន្លឹះ Cambodia Distributed Ledger(CamDL) នៅសប្តាហ៍ក្រោយ

    BY Naren November 9, 2022
    ក្រសួងសេដ្ឋកិច្ច នឹងដាក់ឱ្យប្រើប្រាស់ ថ្នាលឌីជីថលគន្លឹះ Cambodia Distributed Ledger(CamDL) នៅសប្តាហ៍ក្រោយ

    (ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នឹងដាក់ឱ្យដំណើរការថ្នាលឌីជីថលគន្លឹះ Cambodia Distributed Ledger ហៅកាត់ថា CamDL នៅថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅក្នុង “វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ” នៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែល KHMERNOTE ទទួលបាននៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២។

    ការដាក់ឱ្យដំណើរការថ្នាល CamDL នេះ គឺជាជំហានថ្មីមួយនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ក្នុងការទាញយកសក្តានុពលពីបច្ចេកវិទ្យាថ្មីៗដើម្បីជំរុញឱ្យមាននវានុវត្តន៍នៅក្នុងវិស័យបច្ចេក-វិទ្យាហិរញ្ញវត្ថុ និងវិស័យហិរញ្ញវត្ថុជារួម។ គម្រោងនៃការរៀបចំថ្នាលឌីជីថលគន្លឹះនេះ គឺដឹកនាំ និងគ្រប់គ្រងដោយ ឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និងត្រូវបានអភិវឌ្ឍដោយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”។

    CamDL គឺជាបណ្តាញប្លុកឆេនចម្រុះ (Hybrid Permissioned Blockchain) ដែលបង្កើតឡើងដើម្បីផ្តល់ជូនសាធារណជន នូវថ្នាលមួយសម្រាប់តេស្ត សិក្សាស្វែងយល់ ដកពិសោធ ឬអភិវឌ្ឍកម្មវិធីក្នុងទម្រង់ Web 3.0 ឬកម្មវិធីដែលប្រតិបត្តិការដោយវិមជ្ឈការដែលគ្មានអន្តរការី (Decentralized Application – DApp) និងវិស័យហិរញ្ញវត្ថុវិមជ្ឈការ (Decentralized Finance – DeFi) ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃនៅក្នុងសហគមន៍ និងនៅក្នុងឧស្សាហកម្ម។

    ថ្នាលឌីជីថលគន្លឹះនេះនឹងបំពេញតួនាទីជាប្រព័ន្ធអេកូឡូស៊ីវិស័យហិរញ្ញវត្ថុវិមជ្ឈការដំបូងគេនៅកម្ពុជា និងស្ថិតក្រោមបញ្ញត្តិកម្មរបស់រាជរដ្ឋាភិបាល ដែលអនុញ្ញាតឱ្យតួអង្គពាក់ព័ន្ធអាចចូលទៅប្រើប្រាស់ ធ្វើតេស្ត និងសហការគ្នាក្នុងការបង្កើតនវានុវត្តន៍ថ្មីៗដោយប្រើគំរូ “សាកល្បង និងរៀនសូត្រ – Test and Learn”។

    សាធារណជន ជាពិសេសអ្នកអភិវឌ្ឍកម្មវិធីអាចធ្វើការពិសោធដោយផ្ទាល់ និងសិក្សាឱ្យបានកាន់តែច្បាស់លាស់ និងស៊ីជម្រៅ ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមា ព្រមទាំងដើម្បីកាត់បន្ថយហានិភ័យឱ្យស្ថិតក្នុងកម្រិតអប្បបរមាពីបច្ចេកវិទ្យាថ្មីៗ តាមរយៈការប្រើប្រាស់ថ្នាលនេះ។ បណ្តាញប្លុកឆេនចម្រុះ សំដៅដល់បណ្តាញប្លុកឆេនដែលអនុញ្ញាតឱ្យសាធារណជនមានលទ្ធភាពចូលទៅប្រើប្រាស់បានដោយសេរី ប៉ុន្តែលក្ខខណ្ឌតម្រូវដើម្បីចូលប្រើប្រាស់ត្រូវបានកំណត់។

    ការដាក់ឱ្យដំណើរការថ្នាលឌីជីថលគន្លឹះ CamDL នឹងរួមចំណែកក្នុងការការពារអ្នកប្រើប្រាស់ ជំរុញស្ថិរភាពហិរញ្ញវត្ថុ និងជំរុញឱ្យមានសុចរិតភាពហិរញ្ញវត្ថុ ក៏ដូចជារួមចំណែកក្នុងការកសាងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ តួអង្គពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ីវិស័យហិរញ្ញវត្ថុវិមជ្ឈការរួមមានវិស័យសាធារណៈ វិស័យធនាគារ វិស័យធានារ៉ាប់រង វិស័យមូលបត្រ វិស័យគណនេយ្យនិងសវនកម្ម សហគ្រាសទូទៅ ក៏ដូចជាសាធារណជនទូទៅ អាចប្រើប្រាស់ និងទទួលបានសារៈប្រយោជន៍មួយចំនួនពីថ្នាលឌីជីថលគន្លឹះនេះដូចជា៖

    សូមបញ្ជាក់ដែរថា នៅក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ក៏បានចង្អុលបង្ហាញឱ្យមានការគិតគូររៀបចំហេដ្ឋារចនាសម្ព័ន្ធប្លុកឆេនសម្រាប់ផ្ទុកទិន្នន័យផងដែរ។ ការណ៍នេះ ស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ និងគិតគូរយ៉ាងម៉ត់ចត់ពីរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោនបាយដែលបានដាក់ចេញ និងក្នុងការត្រៀមខ្លួនដើម្បីទាញយកឧត្តមប្រយោជន៍ចេញពីបច្ចេកវិទ្យាថ្មីៗ ព្រមទាំងការពារ និងកាត់បន្ថយហានិភ័យពីការប្រើប្រាស់បច្ចេកវិទ្យាទាំងនោះ ដោយការដាក់ចេញនូវថ្នាលឌីជីថលគន្លឹះនេះ។

    សម្រាប់ព័ត៌មានបន្ថែមពីថ្នាលឌីជីថលគន្លឹះនេះ សូមចូលទៅកាន់ https://camdl.gov.kh/ និងទស្សនាការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុករបស់គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៅថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២៕

    Share This Post: