ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន និង លោកជំទាវ Yuko kishida បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាព តាមជើងយន្តហោះពិសេស JF 001 នៅវេលាម៉ោង៥៖២៧ នាទី ព្រឹកថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០២២។

ដោយមានការទទួលបដិសណ្ឋាកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ លើកទី៤១ និង កិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។
សូមជម្រាបថា៖ នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ថ្នាក់ដឹកនាំបានវាយតម្លៃលើការ អនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ្រប្រាំចំណុច ដែលបានឯកភាពនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន កាលពីខែមេសា ឆ្នាំ២០២១។ ថ្នាក់ដឹកនាំបានកត់សម្គាល់នូវអនុសាសន៍របស់កិច្ចប្រជុំរដ្ឋមន្តី ការបរទេសអាស៊ានលើកទី៥៥ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ និងកិច្ចប្រជុំពិសេសរដ្ឋមន្តី ការបរទេសអាស៊ាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។
សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចសន្ទនាសកលអាស៊ានលើកទី២ ដើម្បី ចែករំលែកទស្សនៈស៊ីជម្រៅ និងពិភាក្សាលើទិសដៅឆ្ពោះទៅកាន់ការស្តារសេដ្ឋកិច្ច ប្រកបដោយបរិ-យាបន្ន និងការកសាងអាស៊ានប្រកបដោយចីរភាព និងភាពធន់ ក្នុងសម័យកាលក្រោយវិបត្តិនៃជំងឺ កូវីដ-១៩៕










