នាយករដ្ឋមន្ត្រីកម្ពុជា និងឡាវ លើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធ ប្រែក្លាយតំបន់ព្រំដែននៃប្រទេសទាំងពីរ ឱ្យទៅជាតំបន់សន្តិភាព មិត្តភាពយូរអង្វែង
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមបណ្ឌិត Phankham Viphavanh នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានលើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន របស់ខ្លួន អនុវត្តន៍ភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ធានាបាននូវសន្តិភាព និងស្ថិរភាពនៅតាមតំបន់ព្រំដែនរវាងកម្ពុជា និងឡាវ និងប្រែក្លាយតំបន់នេះទៅ ជាតំបន់សន្តិភាព មិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការ។

ការលើកឡើងនេះ ក្នុងជំនួបពិភាក្សាទ្វេភាគីរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម បណ្ឌិត Phankham Viphavanh នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាឱកាសនៃកិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត នៅឆ្នាំ១៩៥៦។ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចតេជោនាយករដ្ឋមន្ត្រី និង ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ មានសេចក្តីសោមនស្សរីករាយចំពោះលទ្ធផល នៃកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះកម្ពុជា-ឡាវ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) និងបានរម្លឹកជាថ្មីអំពីសារៈសំខាន់នៃការជំរុញទំនាក់ទំនងទ្វេភាគី ដើម្បីបង្កើន ពាណិជ្ជកម្ម និងវិនិយោគ។ ភាគីទាំងពីរបានលើកទឹកចិត្តឱ្យអាជ្ញាធរ ពាក់ព័ន្ធអនុវត្តន៍ ឯកសារនានា ដែលបានចុះហត្ថលេខារួចស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល។
នាយករដ្ឋមន្ត្រីទាំងពីរ បានកត់សម្គាល់ដោយសោមនស្សរីករាយដែលភាគីទាំងពីរ សម្រេចបានការខណ្ឌសីមា និងបោះបង្គោលប្រមាណ ៨៦ភាគរយ នៃខ្សែព្រំដែនរួម និងបានឯកភាពប្រគល់ភារកិច្ចជូនគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា និងឡាវ (JBC) ឱ្យបញ្ចប់សេចក្តីព្រាងសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីចុះហត្ថលេខានៅក្នុង អំឡុងពេល ទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅប្រទេសឡាវ នៅឆ្នាំក្រោយ។
នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានឯកភាពគ្នាបន្តជំរុញការផ្លាស់ប្ដូរទស្សនកិច្ច និងជំនួបរវាងថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរ ឱ្យបានទៀងទាត់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ព្រមទាំងពង្រឹង ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងឡាវ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ឯកឧត្តម Phankham Viphavanh បានផ្លាស់ប្តូរទស្សនៈស្តីពីវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ដែលក្នុងនោះ ឯកឧត្តមបណ្ឌិត Phankham Viphavanh បានកោតសរសើរចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា និងបានអះអាងជាថ្មីនូវការគាំទ្ររបស់ឡាវចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា។
ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាកង្វល់រួមផងដែរ៕





ប្រភព៖ ក្រសួងព័ត៌មាន