ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា ផ្ទេរភាពជាប្រធានអាស៊ាន ជូនឥណ្ឌូណេស៊ីសម្រាប់ ឆ្នាំ២០២៣

    BY Khmernote Media November 14, 2022
    កម្ពុជា ផ្ទេរភាពជាប្រធានអាស៊ាន ជូនឥណ្ឌូណេស៊ីសម្រាប់ ឆ្នាំ២០២៣

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាបានផ្ទេរភាពជាប្រធានអាស៊ាន ជូនសាធារណរដ្ឋឥណ្ឌូណេស៊ី សម្រាប់ឆ្នាំ២០២៣ ជាមួយនឹងការប្រសិទ្ធពរជូនចំពោះ ឯកឧត្តមប្រធានាធិបតី ចូកូ វីដូដូ សម្រាប់ភាព ជាប្រធានអាស៊ានក្នុងឆ្នាំ២០២៣ ប្រកបដោយជោគជ័យ។

    ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ភ្នំពេញ មុននឹងផ្តល់ជូននូវ ញញួរតំណាងជាប្រធានបន្ដពីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្តល់ជូន ឯកឧត្តម ដាតូ លីម ចុក ហយ នូវគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ពីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

    បើតាមសម្ដេចតេជោ មេដាយនេះ តំណាងឱ្យការទទួលស្គាល់ ឯកឧត្តម ដាតូ លីម ចុក ហយ អំពីភក្តីភាព និងការប្រឹងប្រែងឥតស្រាកស្រាន្ត ក្នុងដំណើរការកសាង សហគមន៍អាស៊ាន ក្នុងអំឡុងដែលឯកឧត្តមកាន់តួនាទីជាអគ្គលេខាធិការអាស៊ាន។

    ក្នុងពេលជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានប្រកាសដំណឹងថា លោក ហាជី មូហាម៉ាត អ៊ីកបាល ហ្វាគ្រី ហាជី ដាមីត (Mr. Haji Muhammad lqbal Fakhri Haji Damit) នៃព្រុយណេ ដារូស្សាឡាម បានទទួលនូវពានរង្វាន់អាស៊ាន ឆ្នាំ២០២២។ ពានរង្វាន់នេះ គឺជាការទទួលស្គាល់នូវកិច្ចការរបស់គាត់ ក្នុងការជួយពង្រឹងស្មារតី សហគមន៍អាស៊ាន ឱ្យកាន់តែរឹងមាំ និងប្រជាជននិយម។

    សម្ដេចតេជោ បានរម្លឹកផងដែរថា ជាងមួយទសវត្សរ៍មកហើយ លោក មូហាម៉ាត ដាមីត បាន និងកំពុងកៀរគរជំនួយ និងដឹកនាំយុវជនស្ម័គ្រចិត្ត ដើម្បីគាំទ្រដល់ការ លើកតម្កើង និងការអភិវឌ្ឍរបស់ជនជាតិ ភាគតិច និងជនងាយរងគ្រោះ ទូទាំងតំបន់។

    ក្នុងឱកាសនោះដែរ សម្តេចតេជោក៏បានអញ្ជើញថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន ដើម្បីចូលរួមបើកកម្មវិធីប្រកួតកីឡាស៊ីហ្គេមជាផ្លូវការណ៍លើកទី៣២ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ និងពិធីបើកកម្មវិធីប្រកួតកីឡាប៉ារ៉ាហ្គេមអាស៊ានលើកទី១២ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ដែលជាសមិទ្ធផលមួយទៀត សម្រាប់សាមគ្គីភាព កិច្ចខិតខំប្រឹងប្រែង និងមិត្តភាពរបស់យើង៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: