ថ្ងៃទី ៣ នៃ “វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា” ក្នុងពិព័រណ៌បច្ចេកវិទ្យាកម្ពុជា ២០២២ បានប្រព្រឹត្តិទៅយ៉ាងរលូន និងទទួលបានផ្លែផ្កាដូចការរំពឹងទុក
(ភ្នំពេញ)៖ ថ្ងៃទី ៣ នៃ “វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា” ក្នុងពិព័រណ៌បច្ចេកវិទ្យាកម្ពុជា ២០២២ បានប្រព្រឹត្តិទៅយ៉ាងរលូន និងទទួលបានផ្លែផ្កាដូចការរំពឹងទុក។ ថ្ងៃទី ៣ នៃកម្មវិធីនេះមានបទបង្ហាញចំនួន ២ សុន្ទរកថាគន្លឹះ ១ និងកិច្ចពិភាក្សា ១ ទម្រង់ជា Fireside Chat ។ បទបង្ហាញទាំង ២ នោះរួមមាន៖

(១) បទបង្ហាញស្ដីពី “ការដាក់ដំណើរការជាផ្លូវការនូវ ថ្នាល Cambodia Distributed Ledger (CamDL)” ដោយ លោក ទុំ សេរីវឌ្ឍនា អ្នកដឹកនាំគម្រោងប្លុកឆេននៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និងបទបង្ហាញស្ដីពី “ការសម្រាយឱ្យយល់ដឹងកាន់តែច្បាស់ពី Web 3.0” ដោយ លោក Andy Chun នាយកគ្រប់គ្រងប្រចាំតំបន់ ផ្នែកបច្ចេកវិទ្យានិងនវានុវត្តន៍នៃ Prudential Corporation Asia។ បន្ទាប់ពីបទបង្ហាញ លោក Leon Foong នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Binance បានផ្តល់សុន្ទរកថាគន្លឹះលើប្រធានបទ “Web 3.0 – លើសពីអ្វីដែលយើងបានដឹង”។
ចំពោះកិច្ចពិភាក្សាជាទម្រង់ Fireside Chat ផ្តោតលើប្រធានបទ “ចលនាបច្ចេកវិទ្យាហិរញ្ញវត្ថុមួយប្រចាំអាស៊ាន (One FinTech ASEAN Movement)” ដែលមានវាគ្មិន ២ រូបគឺ អ្នកស្រី Amor Maclang Digital Pilipinas Convenor នៃសមាគមបច្ចេកវិទ្យាហិរញ្ញវត្ថុនៃប្រទេសហ្វីលីពីន និង អ្នកស្រី Weena Llona អគ្គនាយកនៃសមាគមហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជា និង សម្របសម្រួលដោយ លោក Akhshy Thiagarajan មកពីក្រុមហ៊ុនព្រូដិនសលប្រចាំអាស៊ី។
មុននឹងបញ្ចប់វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ លោកស្រី ឃួន ហ្រ្វង់ដារា ហិរញ្ញិកក្រុមប្រឹក្សាភិបាលនៃសមាគមហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជា បានផ្តល់សុន្ទរកថាចំណាប់អារម្មណ៍ជូនដល់អង្គពិធី។ វេទិកានេះបានបិទបញ្ចប់ដោយសុន្ទរកថាបិទរបស់ ឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល៕




