អគ្គនាយកដ្ឋានពន្ធដារ ក្រើនរំលឹកដល់ម្ចាស់យានយន្ត រួសរាន់មកបង់ពន្ធផ្លូវរថយន្ត មុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២បានចេញសេចក្ដីពីការរំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២។

អគ្គនាយកដ្ឋានពន្ធដារ សូមជម្រាបជូន ម្ចាស់យានយន្តគ្រប់ប្រភេទមេត្តាជ្រាបថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២ នឹងត្រូវបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។
ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា ម្ចាស់យានយន្ដភាគច្រើនបានប្រកាសបង់ពន្ធរួចរាល់ ខណៈដែល ម្ចាស់យានយន្តមួយចំនួនទៀតនៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ។ ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារសូមក្រើន រំលឹកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមកដាក់លិខិតប្រកាស បង់ពន្ធឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ ប័ណ្ណសម្គាល់ យានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន ៕
សូមអានសេចក្ដីប្រកាសព័ត៌មានលម្អិតរបស់ អគ្គនាយកដ្ឋានពន្ធដារ ដូចខាងក្រោម៖

