ព័ត៌មានជាតិ

ចង់ដឹងទេ! ជាងកាត់ដេរខ្មែររូបណាមានកិត្តិយសកាត់អាវសូត្រដែលប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលពាក់ចូលរួមក្នុងកម្មវិធី Gala Dinner នៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២

BY
srey nuch
November 18, 2022

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដែលទើបតែបញ្ចប់ទៅថ្មីៗនេះគឺជាមោទកភាពដ៏អស្ចារ្យមួយសម្រាប់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ហើយអ្វីដែលបានបន្សល់ទុកជាអនុស្សាវរីយ៍ និងជាជ្រុងមួយដ៏គួរចាប់អារម្មណ៍សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិនោះគឺ អាវសូត្រខ្មែរជាបែបបទប្រពៃណីខ្មែរដែលរាជរដ្ឋាភិបាលកម្ពុជាថ្វាយនិងជូនចំពោះប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលគ្រប់បណ្ដាប្រទេសទាំងអស់បានគ្រងនិងពាក់យ៉ាងស័ក្កិសមមកចូលរួមក្នុងកម្មវិធី Gala Dinner ដែលជាមូលហេតុធ្វើឲ្យមានការពេញចិត្ត ដក់ចិត្តស្រលាញ់ សរសើរមិនដាច់ពីមាត់នៃស្នាដៃច្នៃប្រឌិតផលិតចេញពីសូត្រខ្មែរ និងជាស្នាដៃកូនខ្មែរសុទ្ធសាធ។

អាវសូត្រខ្មែរនេះធ្វើឡើងដោយសូត្រខ្មែរពិតប្រាកដ និងស្រស់ស្អាតខ្លាំងណាស់! ចុះតើលោកអ្នកដឹងទេថាភាពស្រស់ស្អាតនៃអាវសូត្រខ្មែរដែលប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលបានគ្រងនិងពាក់ទាំងអស់ជាស្នាដៃរបស់អ្នកណា?

អាវសូត្រខ្មែរដែលប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលពាក់ក្នុងថ្ងៃដ៏វិសេសវិសាលនោះជាគឺស្នាដៃច្នៃប្រឌិតដ៏ប៉ិនប្រសប់របស់មេជាងកាត់ដេរមួយរូបដែលទទួលបានកិត្តិយសក្នុងការជ្រើសរើសនិងផ្តល់ទំនុកចិត្តដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស ដើម្បីច្នៃម៉ូដអាវសូត្រខ្មែរនេះជូនប្រមុខថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ ចូលរួមក្នុងពិធីដ៏អស្ចារ្យនេះ។

ហាងកាត់ដេរសម្លៀកបំពាក់ ឧត្តមរស្មី គឺជាហាងមួយត្រូវបានគេអះអាងថា ជាហាងដែលក្រុមការងាររៀបចំកិច្ចប្រជុំកំពូលអាស៊ានបានជ្រើសរើសឱ្យកាត់ដេរសម្លៀកបំពាក់ថ្វាយនិងជូនសម្រាប់ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាល និងជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អង្គការដៃគូអន្តរជាតិធំៗ ដែលបានមកចូលរួមកិច្ចប្រជុំកំពូល ជាពិសេសដើម្បីថ្វាយនិងជូនមេដឹកនាំទាំងអស់បានពាក់មកចូលរួមក្នុងកម្មវិធី Gala Dinner។

លោក គង់ តារារិទ្ធ ជាម្ចាស់ហាងកាត់ដេរ ឧត្តមរស្មី បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ហាងរបស់លោកត្រូវបានក្រសួងការបរទេសកម្ពុជាផ្តល់កិត្តិយសកាត់អាវសូត្រខ្មែរថ្វាយនិងជូនថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ នារាត្រីថ្ងៃទី១១ ខែវិច្ឆិកានោះ លោកពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានចូលរួមចំណែកក្នុងការងារជាប្រវត្តិសាស្រ្តនេះ និងបានឃើញស្នាដៃកូនខ្មែរបង្ហាញឡើងនៅលើឆាកអាស៊ានដ៏អស្ចារ្យ និងបង្ហាញឡើងនៅលើដងខ្លួនដ៏ស្រស់សង្ហារនិង ស្រស់សោភានៃមេដឹកនាំល្បីៗនៅលើពិភពលោកទាំងអស់ថែមទៀតផង៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

Share This Post: