អ្នកនាំពាក្យក្រសួងការបរទេស ៖ ស្ថានទូតកម្ពុជានៅអាមេរិក កំពុងសម្របសម្រួលតាមច្រកការទូត និងផ្លូវច្បាប់ ទាក់ទិនទៅនឹងការឃាត់ខ្លួនមន្រ្តីក្រសួងកសិកម្ម ដែលកំពុងបំពេញបេសកកម្មផ្លូវការ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា ចំពោះករណីមន្រ្តីកម្ពុជា ដែលត្រូវឃាត់ខ្លួននៅរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក នោះ ក្រសួងការបរទេស និងស្ថានទូតកម្ពុជា នៅវ៉ាស៊ីនតោន និងញូវយ៉ក កំពុងធ្វើការសម្របសម្រួលតាមច្រកការទូត និងតាមផ្លូវច្បាប់ ដើម្បីការពារ និងស្វែងរកយុត្តិធម៌ជូនមន្រ្តីរបស់យើង ដែលត្រូវបានឃាត់ខ្លួន ក្នុងពេលកំពុងបំពេញបេសកកម្មផ្លូវការ។

ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់បន្ថែមថា ក្នុងពេលជាមួយគ្នានេះ ស្ថានទូតយើងក៏កំពុងស្វះស្វែងដើម្បីបានចូលជួបសាម៉ីខ្លួន ហើយក៏កំពុងរកមេធាវីការពារក្តីនេះផងដែរ។
សូមរម្លឹកថា លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ ត្រូវបានឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណឌី ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក អំឡុងពេលលោកកំពុងរង់ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំអនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជ CITES (សាយតេស) នៅប្រទេសប៉ាណាម៉ា ដោយលោកត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាម ទៅសហរដ្ឋអាមេរិក។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីការឃាត់ខ្លួននោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីព័ត៌មានមួយ ដោយសម្តែងនូវការភ្ញាក់ផ្អើល និងក្តីទោមនស្សយ៉ាងខ្លាំងពាក់ព័ន្ធនឹងការឃាត់ខ្លួននេះ ហើយក្រសួងក៏បានបញ្ជាក់ផងដែរពាក់ព័ន្ធនឹងស្ថានភាពសត្វស្វាក្តាមនៅព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន