ក្រសួងអប់រំ នឹងមិនតម្រូវឲ្យធ្វើតេស្ដកូវីដ១៩ លើបេក្ខជនមុនចូលប្រឡងឡើយ ចំពោះអ្នករកឃើញឆ្លងជំងឺកូវីដ១៩ ក្រសួងនឹងរៀបចំបន្ទប់ដាច់ដោយឡែក
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាសម័យប្រឡងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ក្រសួងអប់រំនឹងមិនតម្រូវឲ្យធ្វើតេស្ដកូវីដ១៩ បេក្ខជនមុនចូលប្រឡងឡើយ ហើយចំពោះអ្នកដែលរកឃើញថា ខ្លួនឆ្លងជំងឺកូវីដ១៩ ក្រសួងនឹងរៀបចំបន្ទប់ដាច់ដោយឡែក សម្រាប់ពួកគេផងដែរ។ នេះបើយោង ការថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ដំណើរការរៀបចំការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២» ។

ឯកឧត្តម ហង់ ជួន ណារ៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងការប្រឡងឆ្នាំនេះ ក្រសួងនឹងអនុវត្តទៅតាមស្តង់ប្រតិបត្តការ របស់ក្រសួងក្នុងការគ្រប់គ្រងជំងឺកូវី១៩ គឺមានន័យថា យើងនឹងមិនមានការធ្វើតេស្តមួយថ្ងៃមុនទេ ប៉ុន្តែអំពាវនាវសូមឱ្យបេក្ខជនទាំងអស់ ត្រូវពិនិត្យមើលសុខភាពរបស់ខ្លួន ដោយខ្លួនឯង ប្រសិនបើមានអាការៈមិនស្រួលខ្លួន ដូចជាក្តៅខ្លួន ឈឺក្បាលក្អក ដែលអាចជារោគសញ្ញានៃជំងឺកូវីដ សូមធ្វើតេស្តជាមុនដោយខ្លួនឯង ហើយជូនដំណឹងដល់ប្រធានមណ្ឌលប្រឡង គឺយើងនឹងរៀបចំជាបន្ទប់ជាពិសេសមួយ សម្រាប់ឱ្យបេក្ខជនអាចចូលរួមប្រឡងបាន ហើយមិនបង្កើតជាហានិភ័យដល់បេក្ខជនផ្សេងទៀត ម្យ៉ាងវិញទៀតបេក្ខជនត្រូវពាក់ម៉ាសជាប្រចាំ ដើម្បីបន្តការពារសុវត្ថិភាពលោកគ្រូ អ្នកគ្រូ ដែលជាគណៈកម្មការ មេប្រយោគ និងគណៈកម្មការផ្សេងៗទៀត»។
ឯកឧត្តម ហង់ ជួន ណារ៉ុន ក៏បានផ្តាំផ្ញើដល់បេក្ខជនប្រឡងទាំងអស់ នៅមុនមួយថ្ងៃត្រូវតែទៅមើលឈ្មោះ នៅតាមមណ្ឌលប្រឡង ដើម្បីពិនិត្យឱ្យបានច្បាស់ពីឈ្មោះរបស់ខ្លួន លេខតុ លេខបន្ទប់ និងថ្ងៃប្រឡងត្រូវតែភ្ជាប់មកជាមួយអត្តសញ្ញាបណ្ណប្រឡង ដើម្បីអាចចូលបន្ទប់ប្រឡងបាន ៕

