កម្លាំងមន្ត្រីចរាចរណ៍ផ្លូវគោក សហការជាមួយសមត្ថកិច្ចខណ្ឌច្បាអំពៅ ឃាត់ខ្លួនជនសង្ស័យបាន ១នាក់ ករណីប៉ុនប៉ងលួចម៉ូតូ អំឡុងពេលល្បាត
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងនគរបាលខណ្ឌច្បារអំពៅ ក្រោមការបញ្ជាពីលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានធ្វើការល្បាត ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ នៅវេលាម៉ោង ៩ និង០០ នាទី គាប់ជួនមានករណីប៉ុនប៉ងលួចម៉ូតូបង្កដោយជនសង្ស័យ ចំនួន២នាក់ នៅចំណុច ផ្ទះលេខ១៨២ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក៏ធ្វើប្រតិបត្តិការឃាត់ខ្លួនបាននៅនឹងកន្លែងតែម្តង។

ជនសង្ស័យឃាត់ខ្លួនឈ្មោះ ម៉ៅ ម៉េងគូ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
ហេតុការណ៍៖ មុនពេលកើតហេតុជនសង្ស័យ ០២នាក់ ឈ្មោះ ម៉ៅ ម៉េងគូ និងឈ្មោះ ម៉ៅ ពិសិដ្ឋ ជិះម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ស ផ្លាកលេខ ភ្នំពេញ ១JD-៨៤៦៤ ចូលក្នុងនៅសង្កាត់និរោធន៍ មកដល់មុខផ្ទះលេខ១៨២ (ចំណុចកើតហេតុ) ដែលមានម៉ូតូជា ច្រើនគ្រឿងទុកនៅទីនោះ ពេលនោះពួកជនសង្ស័យក៏ឈប់ម៉ូតូក្បែរនោះ រួចជនសង្ស័យឈ្មោះ ម៉ៅ ពិសិដ្ឋ ក៏យកដែកកែច្នៃ ចុងស្រួចដើរទៅរកកាច់សោកម៉ូតូ ក៏ត្រូវបានសន្តិសុខបុរី ឃើញស្រែកចោរៗ រួចពួកជនសង្ស័យក៏ជិះម៉ូតូគេចខ្លួនទៅ បុកបារាស់សន្តិសុខបុរីប៉េងហួតដួលជ្រុះផ្លាកលេខម៉ូតូ (ភ្នំពេញ ១JD-៨៤៦៤) ពេលនោះក៏មានសមត្ថកិច្ចយើងល្បាតក្បែរ នោះអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ម៉ៅ ម៉េងគូ រួមនិងផ្លាកលេខខាងលើបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌ ច្បារអំពៅ ធ្វើការសាកសួរ។ចំណែកបក្ខពួកឈ្មោះ ម៉ៅ ពិសិដ្ឋ ជិះម៉ូតូគេចខ្លួនបាត់។
លទ្ធផលធ្វើតេស្តទឹកនោមរបស់ជនសង្ស័យ៖ វិជ្ជមាន (មានសារធាតុញៀន)។ សមត្ថកិច្ចជំនាញកំពុងសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

