ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តអំពាវនាវសប្បុរសជនឱ្យបរិច្ចាគថវិកា ដើម្បីជួយដល់ការដោះមីននៅកម្ពុជា

    BY Khmernote Media November 22, 2022
    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តអំពាវនាវសប្បុរសជនឱ្យបរិច្ចាគថវិកា ដើម្បីជួយដល់ការដោះមីននៅកម្ពុជា

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្ត អំពាវនាវឱ្យសប្បុរសជន ចូលរួមជួយដោះមីននៅកម្ពុជា តាមរយៈការបរិច្ចាគថវិកា ដើម្បីឈានដល់ការ សម្រេចបាននូវគោលបំណងនៃផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ និង ការសម្រេច បានគោលដៅ «កម្ពុជាគ្មានមីន» នៅត្រឹមឆ្នាំ២០២៥។

    ថ្លែងក្នុងពិធីបិទសន្និបាតខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ក្រោមប្រធានបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ថា ពិតមែនតែកម្ពុជាមានតម្រូវការជួយពីមិត្តភ័ក្តិ ក៏ប៉ុន្តែកម្ពុជាត្រូវតែប្រឹងប្រែង ជាមួយនឹងការដាក់ចេញ នូវគោលដៅ ស្តីពីរំហូរថវិកាសម្រាប់ការទ្រទ្រង់សកម្មភាពការដោះមីន។

    សម្តេចតេជោ ក៏សូមអរគុណចំពោះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល និងសប្បុរសជននានា ដែលបានផ្តល់ជាព្រះរាជ ទ្រព្យ និងថវិកា ចូលរួមសកម្មភាពបោសសម្អាតមីននៅកម្ពុជានាពេលកន្លងមក។

    សម្តេចតេជោ បានឱ្យដឹងថា ថវិកាដែលទទួលបានពីការបរិច្ចាគនោះ បានប្រើប្រាស់អស់ជាង១០លានដុល្លារ ហើយ ខណៈដែលនៅសល់ជាង៨លានដុល្លារ និងបន្តធ្វើយ៉ាងណាឱ្យកម្ពុជា ក្លាយជាប្រទេសដែលគ្មានមីន។

    សំឡេង « បើគ្មានការប្តេជ្ញាចិត្ត គ្មានការតាំងចិត្ត គឺយើងមិនអាចអស់មីនចេញពីទឹកដីកម្ពុជាទេ អ៊ីចឹងមានតែ វិធីម្ខាងគឺអំពាវនាវមិត្តភ័ក្តិពីខាងក្រៅ ម្ខាងគឺអំពាវនាវពីសប្បុរសជននៅក្នុងប្រទេស ដែលមានចិត្តចង់ចូលរួម នៅក្នុងការជួយដោះមីននៅកម្ពុជា និងម្ខាងទៀតប្រើថវិកាជាតិរបស់យើងដើម្បីដោះស្រាយបញ្ហានេះ។ ព្រោះបើយើងដោះស្រាយបញ្ហាអស់មីននៅកម្ពុជាគឺជារឿងមួយ និងជាកុសលផលបុណ្យរបស់យើង ដែល ប្រទេសមួយនេះរងគ្រោះច្រើនពេកហើយ។ សង្រ្គាមបានចប់ ប៉ុន្តែមីនវាអត់ទាន់ចប់»៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: