សម្តេចតេជោ ហ៊ុន សែន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកសន្យាថា នឹងខិតខំប្រឹងប្រែងនាំយកវត្ថុបុរាណខ្មែរនៅអាម៉េរិកត្រឡប់មកខ្មែរវិញ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិកបានសន្យាថា នឹងខិតខំប្រឹងប្រែងនាំយកវត្ថុបុណរបស់កម្ពុជាដែលគេនាំយកទៅ ត្រឡប់មកប្រទេសខ្មែរវិញ។

ថ្លែងក្នុងពិធីបិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងជំនួបរវាងសម្តេចជាមួយឯកឧត្ដម ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក អំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នៅកម្ពុជានាពេលថ្មីៗនេះ មានការជជែករឿងបញ្ជូនពលរដ្ឋខ្មែរ ជាប់ទោសនៅអាម៉េរិក ឱ្យវិលត្រឡប់មកកម្ពុជាវិញ និងការនាំយកវត្ថុបុរាណរបស់កម្ពុជាដែលគេលួចនាំយកទៅទឹកដីអាម៉េរិក។ សម្តេចតេជោ លើកឡើងថា អាម៉េរិក ជាប្រទេសឈានមុខគេ ក្នុងការនាំវត្ថុបុរាណរបស់ កម្ពុជាវិលត្រឡប់មកមាតុប្រទេសវិញ។ សម្ដេចតេជោបញ្ជាក់ថា ឯកឧត្ដម ចូ បៃដិន បានសន្យាថា វត្ថុបុរាណទាំងនោះអាចមាននៅសេសសល់ថែមទៀតនៅអាម៉េរិក ហើយឯកឧត្ដមនឹងប្រឹងប្រែងបន្ថែមទៀត ក្នុងការនាំវត្ថុបុរាណខ្មែរត្រឡប់មកវិញ ផងដែរ។
ជាមួយគ្នានេះដែរ សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានលើកឡើងទៀតថា ក្នុងជំនួបនោះ ឯកឧត្ដម ចូ បៃដិន សង្កេតឃើញសិល្បៈបុរាណរបស់ខ្មែរ ដោយចោទសួរមកសម្ដេចថា សំលៀកបំពាក់នេះ មានតាំងពីសម័យណា។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានឆ្លើយតបវិញថា សំលៀកបំពាក់នេះ គឺយកចេញពីសិលាចារិក តាមប្រាសាទនានា ហើយមានអាយុកាលជាង ១ពាន់ឆ្នាំ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានរម្លឹកថា កម្ពុជា មានកិច្ចព្រមព្រៀងជាមួយអាម៉េរិកអស់ជិត២០ឆ្នាំមកហើយ ក្នុងការបញ្ជូនពលរដ្ឋខ្មែរជាប់ទោសនៅអាម៉េរិក ត្រឡប់មកកម្ពុជាវិញផងដែរ។
សម្ដេចតេជោបានអះអាងថា៖ «រឿងពលរដ្ឋខ្មែរដែលជាប់គុកនៅអាមេរិក ហើយត្រូវបញ្ជូនមកស្រុកខ្មែរ ខ្ញុំបានស្នើសុំថា ឥឡូវ កុំឱ្យពិបាកអនុវត្តន៍នូវអនុស្សរណៈឆ្នាំ២០០២ តែម្ដងទៅ រួចហើយសម្ភាសន៍តាមអនឡាញក៏បាន សម្ភាសន៍ផ្ទាល់ ក៏បានដែរ។ អ្វីដែលខ្ញុំ សុំកុំឱ្យជនជាតិបរទេស មកស្រុកខ្មែរ»៕

ប្រភព៖ ក្រសួងព័ត៌មាន