ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ កំពុងសិក្សាលើការធ្វើតេស្តទឹកនោមរកសារធាតុញៀន ចំពោះមន្ត្រីនគរបាលជាតិ និងមន្ត្រីរាជការស៊ីវិល

BY
srey nuch
November 23, 2022

ខេត្តពោធិ៍សាត់៖ យោងតាមគណនីផេកហ្វេសប៊ុកផ្ទាល់របស់ ក្រសួងមហាផ្ទៃ​ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងមហាផ្ទៃ កំពុងសិក្សាលើការ ធ្វើតេស្តទឹកនោមរកសារធាតុញៀន ចំពោះមន្ត្រីនគរបាលជាតិ និងមន្ត្រីរាជការស៊ីវិល នេះបើយោងតាមប្រសាសន៍របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា៖ “យើងកំពុងសិក្សាបញ្ហាគ្រឿងញៀន ដាក់ជាកាតព្វកិច្ច ដោយយុទ្ធនាការ ៧លើក យើងប្រមូលបានសារធាតុគ្រឿងញៀនច្រើនណាស់ រាប់រយតោន ហើយក៏យើងបានផ្ដន្ទាទោស អ្នកដែលពាក់ព័ន្ធទាំងមេខ្លោងផងនោះ ក៏រាប់ពាន់នាក់ ប៉ុន្តែនៅតែមិនអាចដោះស្រាយបញ្ហានេះបាននៅឡើយ។ អ៊ឹចឹងហើយត្រូវខិតខំរិះរកវិធានការថ្មីៗ វិធីថ្មីៗបន្ថែមទៀតដែលអាចធ្វើបានគឺមានតែអ្នកទាំងអស់គ្នាចូលរួម”។

សម្ដេចក្រឡាហោម ស ខេង បានបន្តទៀតថា៖ ” ខ្ញុំបានណែនាំទៅអ្នកដែលពាក់ព័ន្ធមួយចំនួន ដើម្បីធ្វើការសិក្សាដាក់បញ្ជូលនៅក្នុងច្បាប់ ដើម្បីឱ្យក្លាយជាកាតព្វកិច្ចមិនមែនត្រឹមជាការភ្ញាក់រលឹក ឬក៏ជាការណែនាំធម្មតានោះទេ ត្រូវឱ្យជាប់នឹងកាតព្វកិច្ច កាលណាដែលបុគ្គលិកធ្វើការ ឧទាហរណ៍៖ បើករថយន្តតូចធំ រថយន្តទេសចរណ៍ រថយន្តដឹកទំនិញជាដើម។ល។ កាលណាមិនបានធ្វើតេស្ត គឺគ្មានសិទ្ធដើម្បីនឹងបើកបររថយន្តនោះទេ ហើយក៏ប្រហែលមិនមែនតែវិស័យឯកជននោះទេ វិស័យសាធារណៈ និងប៉ូលិសទាំងអស់ មុននឹងសម្រេចរៀបចំបញ្ជូលទៅក្របខណ្ឌមន្ត្រីស៊ីវិល ឬ មន្ត្រីនគរបាល មន្ត្រីស្ថាប័នទាំងអស់របស់រដ្ឋដូចគ្នានេះឯង។ ខ្ញុំជឿងថា នេះជាវិធានការមួយ ប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលទាំងអស់គ្នាត្រូវចូលរួម ហើយក៏ជាការការពារនូវអនាគតរបស់កូនចៅយើង ការពារសុវត្ថិភាពសង្គមយើងទាំងអស់គ្នា។ ”

សម្ដេចក្រឡាហោម ស ខេង បានបន្ថែមថា៖ “ក្នុងករណីដែលបុគ្គលិកធ្វើការនៅក្នុងភោជនីយដ្ឋានណាមួយ គឺត្រូវតែពិនិត្យទឹកនោម បើសិនរកឃើញសារធាតុញៀនគឺមិនត្រូវអនុញ្ញាឱ្យធ្វើការទេ ហើយក្រុមហ៊ុនណា ឬម្ចាស់ភោជនីយដ្ឋានណា នៅតែបំពាន មិនបានធ្វើឬធ្វើហើយតែឃើញសារធាតុញៀននោះ នៅតែបន្តយកមកឱ្យធ្វើការ ត្រូវតែចាប់បង្ខំឱ្យគាត់មកទទួលត្រូវចំពោះមុខច្បាប់បន្ថែមទៀត នេះជាបញ្ហា ព្រោះមិនមែនជាការលេងសើចទេ វិធានការសាមញ្ញាទេ គឺធ្វើការទាំងអស់គ្នា ជាមួយគ្នានោះ សមត្ថកិច្ចត្រូវរកឧបករណ៍សម្ភារ ដើម្បីធ្វើតេស្តផងដែរ ” ៕​

ប្រភព៖ ក្រសួងមហាផ្ទៃ Ministry of Interior Cambodia

Share This Post: