ព័ត៌មានជាតិ

ក្រោយមានការអន្តរាគមន៍ពីរាជរដ្ឋាភិបាល តម្លៃប្រមូលទិញស្រូវកំពុងតែមានស្ថិរភាព ប្រសើរឡើងវិញ ធ្វើឱ្យប្រជាកសិករខេត្តបន្ទាយមានជ័យ រីករាយសាទរ

BY
srey nuch
November 24, 2022

ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា តម្លៃប្រមូលទិញស្រូវពីប្រជាកសិករនៅ ក្នុងខេត្តបន្ទាយមានជ័យ កំពុងតែមានភាពប្រសើរឡើងវិញ ក្រោយពីមានកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ រួមនឹងភាគីពាក់ព័ន្ធ បានធ្វើឱ្យតម្លៃស្រូវនៅក្នុងខេត្តបន្ទាយមានជ័យមានស្ថិរភាពឡើងវិញ ហើយប្រជាកសិករ ដែលកំពុងប្រមូលស្រូវ ក៏សប្បាយរីករាយសាទរផងដែរ។

ប្រជាកសិករក្នុងខេត្តបន្ទាយមានជ័យ បានបង្ហាញក្ដីរំភើបសប្យាយរីករាយក្រៃលែង ដោយបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានអន្តរាគមន៍ក្នុងការជួយទប់ស្កាត់ ពី ការធ្លាក់ចុះតម្លៃស្រូវ បានទាន់ពេលវេលាកាលពីប៉ុន្មានថ្ងៃមុននេះ។

ជាមួយតម្លៃស្រូវបានប្រសើរឡើងវិញនេះ បងប្អូនប្រជាកសិករក្នុងខេត្ត ក៏បានស្នើឱ្យ ក្រុមហ៊ុនដែលមកប្រមូលទិញស្រូវ សូមបន្តជួយទិញរហូត ដល់បញ្ចប់ការប្រមូលផលស្រូវ របស់ពួកគាត់។

នៅក្នុងការចុះពិនិត្យមើលពីស្ថានភាព ការប្រមូលទិញស្រូវ ពីប្រជាពលរដ្ឋនៅតាមបណ្តាស្រុកនានា កាលពីរសៀលពុធ ១៥រោច ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី ក្នុងនាមរដ្ឋ បាលខេត្តបន្ទាយមានជ័យ សូមគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់គិតគូរខ្ពស់ ដល់ប្រជាកសិករដោយផ្តល់ថវិកាបន្ថែម ចំនួន១០លានដុល្លារអាម៉េរិក ជាមូលនិធិទិញស្រូវ តាមរយៈ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់គាំទ្រដល់ក្រុមហ៊ុនបៃតង រោងម៉ាស៊ីនកិនស្រូវ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករ តាមតម្លៃសមស្រប ចៀសវាងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួននោះ។

ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា ក្នុងរយៈពេលអនុវត្តន៍ប៉ុន្មានសប្តាហ៍មកនេះ ការចូល រួមយ៉ាងសកម្មចុះសម្របសម្រួលគ្រប់ទីកន្លែង នៃការប្រមូលផលស្រូវវស្សាដើមរដូវ ប្រភេទ ស្រូវផ្ការំដួល ផ្កាម្លិះ តាមបណ្តាឃុំ ភូមិ ក្នុងខេត្ត ពីសំណាក់ក្រុមការងារចម្រុះរដ្ឋបាលខេត្ត បន្ទាយមានជ័យ លោកឧកញ៉ា ភូ ពុយ អគ្គនាយកនៃរោងម៉ាស៊ីនកិនស្រូវបៃតង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត តំណាងធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ លោកលោកស្រីអភិបាលស្រុក មេឃុំ រោងម៉ាស៊ីនកិនស្រូវ បានចុះអន្តរាគមន៍ សម្របសម្រួល នៃការរៀបចំប្រមូលផ្តុំទិញ-លក់ស្រូវ បងប្អូនប្រជាកសិករយើងតាមគោលដៅនានា តាមតម្លៃកំណត់យកថ្លៃគោល សម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១ (ស្រូវសើម) មិនក្រោម៩ បាត ឬ ១ ០៤០រៀល ក្នុង១គីឡូក្រាម នៅនឹងកន្លែងដូចនៅខេត្តបាត់ដំបងដែរ។

ឯកឧត្តម ឱ្យដឹងទៀតថា គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកានេះ ឯកឧត្តមបានចុះជួបផ្ទាល់ជា មួយបងប្អូនក្រុមការងារប្រជាកសិករ និងឈ្មួញរោងម៉ាស៊ីនកិនស្រូវ តាមបណ្តាគោលដៅមួយចំនួនក្នុងស្រុកអូរជ្រៅ, ស្រុកព្រះនេត្រព្រះ, និងស្រុកស្វាយចេក ឃើញថា ស្ថានភាពការប្រមូលផលស្រូវ និងតម្លៃនៃការលក់ស្រូវរបស់បងប្អូន គឺរក្សាបានតម្លៃល្អសមស្របទៅនឹងតម្លៃ ដែលបានកំណត់គោល មានន័យថា ទោះបងប្អូនលក់ឱ្យឈ្មួញ ឈ្មួញទិញក៏មានតម្លៃប្រហាក់ ប្រហែលទៅនឹងតម្លៃកំណត់ ឬលក់ទៅឱ្យខាងរោងម៉ាស៊ីន ដែលទទួលទិញដែរ។ ប្រជាកសិករ គ្រប់គោលដៅទាំងអស់ បានសាទរទៅនឹងការអនុវត្តថ្លៃគោលនេះ។

ជាមួយគ្នានេះ អភិបាលខេត្តបន្ទាយមានជ័យ សូមគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្រុមហ៊ុនបៃតង របស់លោកឧកញ៉ា ភូ ពុយ រោងម៉ាស៊ីនកិនស្រូវ និងក្រុមការងារពាក់ព័ន្ធ អាជ្ញាធរដែនដី ដែលបានជួយដោះស្រាយបញ្ហាតម្លៃស្រូវ រក្សាតម្លៃលក់របស់ប្រជាកសិករក្នុងខេត្ត ពិសេសតាមបណ្តាស្រុក ឃុំ ដែលមានស្រូវស្រាលដើមរដូវក្នុងឆ្នាំនេះ បានសមរម្យ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: