ក្រសួងវប្បធម៌ នឹងរៀបចំព្រឹត្តិការណ៍រាត្រីសមោសរសប្បុរសធម៌ ស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ ប្រាសាទបាយ័ន ស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា
យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួង នឹងរៀបចំព្រឹត្តិការណ៍រាត្រីសមោសរសប្បុរសធម៌ ស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ នាបរិវេណប្រាសាទបាយ័ន ដើម្បីស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា។

ព្រឹត្តិការណ៍រាត្រីសមោសរសប្បុរសធម៌ នៅលើទឹកដីដ៏ពិសិដ្ឋ ទីតាំងដ៏ស្រស់ត្រកាល ស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ នាបរិវេណប្រាសាទបាយ័ន ដែលមានព្រះកេស ចំនួន៥៤ និងព្រះភ័ក្ត្រព្រហ្មចំនួន ៤ តំណាងឱ្យព្រហ្មវិហារធម៌ដ៏ប្រពៃនោះ សូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី មកទទួលយកអារម្មណ៍ដ៏អស្ចារ្យ ពិសាអាហារដ៏មានឱជារស ទស្សនាសិល្បៈវប្បធម៌បុរាណខ្មែរ ក្រោមបរិយាកាសបែបធម្មជាតិ ក្នុងទស្សនីយភាពបែបប្រពៃណីបុរាណខ្មែរយើង។
ជាពិសេសចំពោះថវិកា ដែលប្រមូលក្នុងព្រឹត្តិការណ៍នេះ នឹងយកទៅជួយដល់កុមារទាំងឡាយ ដែលកំពុងព្យាបាលនៅមន្ទីពេទ្យគន្ធបុប្ផាផងដែរ។ កម្មវិធីនេះនឹងប្រារព្ធរៀបចំឡើង នៅថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៦:៣០ នាទីល្ងាច នៅបរិវេណប្រាសាទបាយ័ន។ បានសុខទាំងកាយ សប្បាយអារម្មណ៍ សន្សំបុណ្យជាមួយកុមារកម្ពុជា !


