KOICA និងមន្ទីរពេទ្យព្រះអង្គឌួង រៀបចំសកម្មភាពសង្គម និងការពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងសិស្សនៅសហគមន៍ហ្គ្រីនបឺអែល ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) រួមជាមួយនឹងមន្ទីរពេទ្យព្រះអង្គឌួង និង សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) បានរៀបចំ “សកម្មភាពសង្គម” នៅសហគមន៍ហ្រ្គីនបឺអែល នៅខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីចុងសប្ដាហ៍កន្លងទៅនេះ។

កម្មវិធីនេះត្រូវបានចូលរួមដោយលោក នោ ហ្យន់ជូន (Rho Hyun-Jun) ប្រធានតំណាងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) ប្រចាំការិយាល័យប្រទេសកម្ពុជាឯកឧត្តម អ៊ឹម សួរ ប្រធានសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) លោក នង ម៉ានិត អនុប្រធានមន្ទីរពេទ្យព្រះអង្គឌួង លោក មូន ក្យុងមីន (Mr. Moon Kyoungmin) ប្រធានក្រុមសុខសប្បាយរបស់អ្នកស្ម័គ្រចិត្តកូរ៉េ KOICA និងលោក ហ្វាង គ្យូឆុល(Hwang Kyucheol)ប្រធានសហគមន៍ហ្គ្រីន បឺអែល ក្រុមអ្នកស្ម័គ្រចិត្ត KOICA វេជ្ជបណ្ឌិត និងគិលានុបដ្ឋាកយិកាមកពីមន្ទីរពេទ្យព្រះអង្គឌួង សហគមន៍ហ្គ្រីនបឺអែលសិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងភូមិដែលបានចូលរួម ក្នុងសកម្មភាពសង្គមនេះ។
លោក នង ម៉ានិត អនុប្រធានមន្ទីរពេទ្យព្រះអង្គឌួងបានមានប្រសាសន៍ថា នេះជាលើកទីមួយហើយដែលមន្ទីរពេទ្យព្រះអង្គឌួងធ្វើការជាមួយ KOICA លើសកម្មភាពសង្គម។ លោកសង្ឃឹមថា នឹងមានការសហការជាមួយ KOICA ជាលើកទី២និងទី៣ទៀតក្នុងការធ្វើ “សកម្មភាពសង្គម” បែបនេះនាពេលអនាគត។
ជាមួយគ្នានេះ សកម្មភាពសង្គមនេះក៏ត្រូវបានធ្វើឡើងក្រោមកិច្ចសហការរវាងរដ្ឋបាលមូលដ្ឋានសាលារាជធានីភ្នំពេញ និងសហគមន៍ហ្គ្រីនបឺអែល។ សូមជម្រាបជូនថា នៅក្នុងកម្មវិធីនោះផងដែរ ក្រុមអ្នកស្ម័គ្រចិត្ត KOICA ក្រុមសុខសប្បាយ (Soksabay) និងសមាជិក CAMKAA របស់យើងនឹងធ្វើសកម្មភាពរួមគ្នាដូចជាផ្តល់អំណោយមួយចំនួនការគូរគំនូរលើមុខសម្រាប់កុមារថតរូបបានភ្លាមៗលេងជាមួយពពុះសាប៊ូជួសជុលអណ្តូងស្នប់ និងគូរគំនូរលើជញ្ជាំងការប្រកួតកីឡាការលេងហ្គេមពេញនិយម ការផ្តល់សម្ភារសិក្សាថង់អេកូ និងអាហារសម្រន់ ការផ្តល់ការអប់រំអំពីអនាម័យបរិស្ថាន និងការផ្តល់ប្រអប់អាហារថ្ងៃត្រង់ដល់សិស្ស។
លើសពីនេះវេជ្ជបណ្ឌិត និងគិលានុបដ្ឋាក-យិកាមកពីមន្ទីរពេទ្យព្រះអង្គឌួង បានផ្តល់ផ្តល់ជូនការពិនិត្យ ពិគ្រោះ និងព្យាបាលនូវជំងឺភ្នែក ជំងឺត្រចៀក ច្រមុះ បំពង់ក និងជំងឺទូទៅ ដល់អ្នកជំងឺប្រមាណជាង ១០០នាក់ ដែលមានជំងឺ ភ្នែក ត្រចៀក ច្រមុះ និងបំពង់ក (ENT) និងជំងឺទូទៅ នៅក្នុងសហគមន៍ហ្គ្រីនបឺអេលនេះ។
លោក នោ ហ្យន់ជូន (Rho Hyun-Jun) បានថ្លែងថា គំនិតផ្តួចផ្តើមនេះគឺជាភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងការិយាល័យកយកាមន្ទីរពេទ្យព្រះអង្គឌួងកាំកា-CAMKAA និងសហគមន៍ហ្រ្គីនបឺអែល។ លោកបានមានប្រសាសន៍ថា “KOICA នឹងបន្តគាំទ្ររដ្ឋាភិបាល និងប្រជាជនកម្ពុជាដើម្បី ដែលធ្វើឱ្យប្រទេសនេះកាន់តែមានសោភ័ណភាពនិងកន្លែងរស់នៅកាន់តែប្រសើរឡើង”៕






ប្រភព៖ ក្រសួងព័ត៌មាន