ក្រុមកីឡាយានយន្តកម្ពុជាដណ្តើមបានលេខ១ ពីព្រឹត្តិការណ៍ Asia Cross Country Rally 2022
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមប្រណាំងរថយន្តការ៉ាកម្ពុជា មានអ្នកបើកបរ កីឡាករ សោម សុកុសល និងជំនួយការអ្នក បើកបរ កីឡាករ វង្ស គីមហួត ដណ្តើមបានចំណាត់លេខ១ នៅកម្រិតរថយន្តប្រើសាំងពីព្រឹត្តិការណ៍ ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ (Asia Cross Country Rally 2022) និងចំណាត់ថ្នាក់លេខ១១ ក្នុងចំណោមរថយន្តសរុប៣៤ បន្ទាប់ពីប្រណាំងលើចម្ងាយផ្លូវ១៧០០គីឡូម៉ែត្រ នៅលើទឹកដីថៃ ៥ដំណាក់កាល និងបញ្ចប់នៅមុខប្រាសាទអង្គរវត្ត ទឹកដីព្រះរាជាណាចក្រកម្ពុជា ១ដំណាក់កាល កាលពីចុងសប្តាហ៍កន្លងទៅនៅខេត្តសៀមរាប។

ម្ចាស់ពាន Rally 2022 កីឡាករ វង្ស គីមហួត បានគូសបញ្ជាក់ថា មានការសរសើរ ពីអ្នកប្រណាំងអន្តរជាតិថា ដំណាក់កាលចុងក្រោយនៅកម្ពុជា ថ្វីដ្បិតតែផ្លូវប្រកួតមានចម្ងាយខ្លី ប៉ុន្តែមានឧបសគ្គច្រើន ធ្វើឱ្យការប្រណាំងកាន់តែស្វិតស្វាញ និងជក់ចិត្ត។ កីឡាកររូបនេះបន្តថា នេះជាឱកាសមួយ ដែលធ្វើឱ្យកីឡាករយានយន្តយើងទទួលបានបទពិសោធន៍ថ្មីៗ និងបង្កើនបច្ចេក ទេសឱ្យខ្លាំងបន្ថែមទៀត ក្នុងការប្រកួតកម្រិតរថយន្តអន្តរជាតិនេះផងដែរ។ «សម្រាប់ប្រភេទ រថយន្តប្រើសាំង គឺយើងធ្វើបានល្អជាងគេ ដោយដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោម ប្រភេទរថយន្តសាំង ដែលសុទ្ធសឹងតែជើងខ្លាំងមកបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមកពីតំបន់អាស៊ី»។
កីឡាករពោរពេញដោយបទពិសោធន៍រូបនេះ ថ្លែងអំណរគុណ និងកោតសរសើរចំពោះ ក្រុមការងារទាំងអស់ ដែលបានខិតខំពុះពារការលំបាក គ្រប់ពេលវេលាទាំងអស់ ក្នុងអំឡុងពេលប្រកួត ទាំងផ្តល់សេវាថែទាំរថយន្ត ជាពិសេសថ្លែងអំណរគុណចំពោះក្រុមហ៊ុនជាដៃគូឧបត្ថម្ភពាក់ព័ន្ធ នឹងវិស័យកីឡាយានយន្ត ដែលបានឧបត្ថម្ភផ្តល់ការគាំទ្រ កម្លាំងចិត្តសម្រាប់ការចូលរួមប្រកួតរបស់ ក្រុមកីឡាយានយន្តកម្ពុជា ក្នុងព្រឹត្តិការណ៍នេះឱ្យដំណើរការដោយរលូន និងជោគជ័យ។
ដោយឡែកលោក ហូ សិទ្ធីគុណ ប្រធានក្លិប KARA បានថ្លែងអំណរគុណ ចំពោះរាជ រដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរខេត្តសៀមរាប ដែលតែងតែអនុញ្ញាត និងគាំទ្រយ៉ាងពេញ ទំហឹងឱ្យក្លិបការ៉ាបានរៀបចំព្រឹត្តិការណ៍ប្រកួតកម្រិតអន្តរជាតិមួយនេះ ដើម្បីចូលរួមលើកស្ទួយ វិស័យកីឡាយានយន្តកម្ពុជាកាន់តែរីកចម្រើនជាបន្តបន្ទាប់។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Asia Cross Country Rally 2022 នេះ មាន៩ប្រទេសចូលរួម មាន កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម តៃវ៉ាន់ ជប៉ុន កូរ៉េ បារាំង និងប្រទេសថៃ។ ជាលទ្ធផលក្រុមប្រណាំងការ៉ាកម្ពុជា ទទួលបានចំណាត់លេខ១ លើប្រភេទរថយន្តសាំង និងលទ្ធផលរថយន្តសរុបទាំងសាំង និងម៉ាស៊ូត ក្រុមការ៉ា លេខ១១ ក្រុមសាយ៉ាម ប្រូតូថាយ លេខ១២ ក្នុងចំណោមរថយន្តសរុប៣៤គ្រឿង៕


ប្រភព៖ ក្រសួងព័ត៌មាន