ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អន្ទាក់ ឬធ្នាក់សត្វស្លាប ត្រូវបានមនុស្សមួយចំនួន នៅតែបន្តដាក់លក់

    BY Naren November 28, 2022
    អន្ទាក់ ឬធ្នាក់សត្វស្លាប ត្រូវបានមនុស្សមួយចំនួន នៅតែបន្តដាក់លក់

    (ភ្នំពេញ)៖ ខណៈដែលអាជ្ញាធរទើបតែចុះប្រតិបត្តិការល្បាត តាមដាន អង្កេត ស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងចាប់បានជនសង្ស័យ២នាក់ដែលចាប់សត្វល្វាចេកព្រៃ បម្រុងយកទៅលក់នៅប្រទេសវៀតណាម។

    ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម បង្ហាញនូវករណីឈ្នួញរកស៊ីមួយចំនួននៅតែបន្តដាក់លក់ធ្នាក់សត្វស្លាប។ បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ «Miller-មីល័រ» បានសរសេររៀបរាប់ថា៖ «ធ្នាក់សត្វស្លាបលក់អាចរកទិញស្ទើរគ្រប់កន្លែង និងដោយសេរី ដោយគ្មានការខ្វល់ខ្វាយពីផ្នែកពាក់ព័ន្ធ ឬមើលដែរ តែមើលតិចៗ ព្រោះវាមិនមែនជាបទល្មើសធំដុំអីផង ត្រឹមតែសត្វស្លាបហ្នឹង»។ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Miller-មីល័រ» ដដែរនេះធ្លាប់បានទទូចសុំឱ្យបញ្ឈប់ការដាក់ធ្នាក់សត្វស្លាបនៅក្នុងព្រៃ ដែលជាធនធានធម្មជាតិកម្រផងដែរ។

    សូមរំលឹកផងដែរថាក្រសួងបរិស្ថាន ក៏ទើបតែមាន «យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» គោលបំណងសំខាន់រួមមាន ការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ដោយសារអន្ទាក់ទៅលើជីវិត សត្វ ពង្រឹងការអនុវត្តច្បាប់ ការផ្លាស់ប្តូរឥរិយាបថពលរដ្ឋឱ្យបង្កើនការប្រតិបត្តិមេត្រីបរិស្ថាន ស្រឡាញ់សត្វព្រៃជីវៈចម្រុះ និងការលុបបំបាត់ការបរបាញ់សត្វ ការដាក់អន្ទាក់ខុសច្បាប់ និងការលុបបំបាក់ការជួញដូរសាច់សត្វព្រៃ ក៏ដូចជាបង្កើនសុវត្ថិភាពដល់សត្វព្រៃគ្រប់ប្រភេទ។

    ឯកឧត្តម គឹម ណុង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថានបានថ្លែងថាក្នុងយុទ្ធនាការនេះសំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋតាមមូលដ្ឋានដែលមានទម្លាប់ដាក់អន្ទាក់ចាប់សត្វព្រៃឱ្យងាកមកគោរពច្បាប់ និងឱ្យពួកគាត់យល់ពីតម្លៃសត្វព្រៃ ហើយរួមគ្នាមកចូលរួមអភិរក្សសត្វព្រៃដែលជាសត្វមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបានជាសាកល។ឯកឧត្រមបានថ្លែងថាកម្ពុជាមានច្បាប់សម្រាប់ដាក់ទោសវិន័យហើយនិងសម្រាប់បទល្មើសដាក់អន្ទាក់គឺជាច្បាប់ល្មើសធនធានធម្មជាតិថ្នាក់លេខ៣ដែលក្នុងនេះមានទាំងការផាកពិន័យនិងទោសទណ្ឌ ដោយក្នុងនេះអាចប្រឈមនឹងជាប់ពន្ធនាគារពី១-៥ឆ្នាំ និងពិន័យជាប្រាក់ពី១៥លានដល់១៥០លានរៀល៕

    Share This Post: