ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងទេសចរណ៍ អំពាវនាវកុំឱ្យដំឡើងថ្លៃផ្ទះសំណាក់ ម្ហូបអាហារ និងសេវាដឹកជញ្ជូន ក្នុងពេលប្រឡងបាក់ឌុបខាងមុខ

    BY Khmernote Media November 29, 2022
    ក្រសួងទេសចរណ៍ អំពាវនាវកុំឱ្យដំឡើងថ្លៃផ្ទះសំណាក់ ម្ហូបអាហារ និងសេវាដឹកជញ្ជូន ក្នុងពេលប្រឡងបាក់ឌុបខាងមុខ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីអំពាវនាវ ចំពោះប្រតិបត្តិករទេសចរណ៍ សម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់អនុរក្ស និងសិស្សានុសិស្ស ក្នុងរយៈពេលប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២។

    ក្រសួងទេសចរណ៍ សូមជម្រាបជូនដំណឹងដល់ប្រតិបត្តិករទេសចរណ៍ ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ នៅតាមរាជធានី-ខេត្តឱ្យបានជ្រាបថានៅថ្ងៃចន្ទ-អង្គារ១២-១៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំដំណើរ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នៅទូទាំងប្រទេស អនុរក្ស និងសិស្សានុសិស្សអាចនឹង ចាំបាច់ត្រូវបំលាស់ទីមកទីរួមខេត្ត ឬតាមទីតាំងមណ្ឌលប្រឡងផ្សេងៗ ដែលឆ្ងាយពីទីលំនៅបច្ចុប្បន្នដើម្បីចូលរួម ការប្រឡង។

    ដូចនេះ ក្រសួងទេសចរណ៍ សូមអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ពិសេសចំពោះសេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មម្ហូបអាហារ និងសេវាកម្ម ដឹកជញ្ជូនអ្នកដំណើរ មេត្តាបង្កលក្ខណៈងាយស្រួល កុំតម្លើងថ្លៃសេវាកម្ម ឬសម្រួលថ្លៃសេវាកម្មចំពោះអនុរក្សនិង សិស្សានុសិស្ស ក្នុងអំឡុងពេលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ។

    ក្រសួងទេសចរណ៍សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថាប្រតិបត្តិករទេសចរណ៍ ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រង អាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ នៅតាមរាជធានី-ខេត្ត នឹងចូលរួមអនុវត្តតាមសេចក្ដីអំពាវនាវខាងលើឱ្យ បានល្អ និងប្រកបដោយការទទួលខុសត្រូវខ្ពស់៕

    ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

    Share This Post: