ព័ត៌មានជាតិ

ដំណឹងល្អ! មានក្រុមហ៊ុនចំនួន ៤ បានស្នើសុំសិក្សាធ្វើផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប

BY
Khmernote Media
November 29, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ មានក្រុមហ៊ុនចំនួន ៤ បានស្នើសុំសិក្សាធ្វើផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាប។ នេះបើយោង តាមការថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា៖ “ទាក់ទងនឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ សូមជម្រាបថា យើងបានដាក់ឱ្យប្រើប្រាស់នូវផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឥឡូវនេះយើងកំពុងចរចាកសាងផ្លូវល្បឿនលឿនមួយទៀត ពីភ្នំពេញ-បាវិត ដែលចំណាយថវិកាប្រមាណជិត ១៧០០លានដុល្លារ នេះបើគេមិនទុកចិត្តលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូ​វ ដ៏ខ្ពង់ខ្ពស់របស់អគ្គសេនាបតីសម្តេចតេជោ ហ៊ុន សែន គេមិនយកលុយ ១៧០០លានដុល្លារ មកដាក់នៅផ្លូវភ្នំពេញ-បាវិត រយៈពេល ៥០ឆ្នាំនោះទេ។ នេះដោយសារគេជឿងជាក់លើសម្តេចអគ្គសេនាបតីតេជោ ហ៊ុនសែន គណៈបក្សប្រជាជនកម្ពុជា និងជឿជាក់លើសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទើបគេមកបណ្ដាក់ទុន ជាងនោះទៅទៀត ក្រៅពីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក៏មានក្រុមហ៊ុនចំនួន ៤ បានស្នើសុំសិក្សាធ្វើផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាប ប៉ុន្តែចំពោះលទ្ធផលនេះ មិនទាន់ផ្ដល់ជូនមកក្រសួងនៅឡើយនោះទេ ហើយខ្ញុំជឿជាក់ថា ថ្ងៃខាងមុខយើងនឹងមានផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបផងដែរ ៕ ”

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Share This Post: