ព័ត៌មានជាតិ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញលិខិតពីការចុះ «គុនល្បុក្កតោ» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ

BY
Khmernote Media
November 30, 2022

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តរជាតិរដ្ឋាភិបាល ដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ដែលប្រារព្ធធ្វើនៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក បានអនុម័តយល់ព្រមចុះ «គុនល្បុក្កតោ» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូតាមសេចក្តីសម្រេច 17.COM 7.b.1។

ការចុះបញ្ជី គុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ គឺជាជោគជ័យ និងមោទកភាពជាតិដ៏ធំធេងថ្មីមួយទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបី ដែលងាយប្រឈមនឹងបាត់បង់។ ជោគជ័យដ៏ត្រចះត្រចង់នេះ គឺជាសក្ខីភាពបង្ហាញច្បាស់ពីការស្រឡាញ់ ការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង គាំទ្រនិងសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលរួមជាមួយសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា និងអ្នកជំនាញជាតិ-អន្តរជាតិ សហគមន៍ សសាលាគុន គ្រូនិងសិស្សគុនល្បុក្កតោ ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមបណ្តារាជធានី-ខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។

បេតិកភណ្ឌកម្ពុជាវប្បធម៌ទាំងរូបីនិងអរូបីរបស់ជាតិ មិនត្រឹមតែជាអត្តសញ្ញាណ និងជាព្រលឹងជាតិដែលបានលើកស្ទួយកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា ឪ្យល្បីរន្ទឺនៅលើឆាកជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទៀតផង។ ឆ្លៀតក្នុងឱកាសនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមអំពាវនាវដល់សាធារណជនទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយបន្តចូលរួមថែរក្សា ការពារ និងលើកតម្កើនតម្លៃមត៌កវប្បធម៌ជាតិឲ្យសម្រេចបានជោគជ័យ និងល្បីរន្ទឺសុះសាយតទៅមុខជានិរន្តរ៍៕

Share This Post: