ព័ត៌មានជាតិ
ដំណឹងល្អ! ក្រុមហ៊ុនផ្លូវល្បឿនលឿន ចែកឧបករណ៍ ETC-OBU ឥតគិតថ្លៃ សម្រាប់ប្រើប្រាស់លើផ្លូវល្បឿនលឿន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញពីការទទួលយកឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃ ដើម្បីប្រើប្រាស់គន្លង ETC សម្រាប់ចេញចូលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។

ដើម្បីចូលរួមទប់ស្កាត់ការកកស្ទះចរាចរណ៍នៅបញ្ជរបង់ប្រាក់ ក៏ដូចជាផ្តល់ភាពងាយស្រួល ជូនដល់បងប្អូនអ្នកបើកបរ នៅលើផ្លូវល្បឿនលឿន ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានរៀបចំជាការផ្តល់ជូនពិសេស នូវការបំពាក់ឧបករណ៍ ETC-OBU ជូនដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ នៅគ្រប់បញ្ជរបង់ប្រាក់ទាំង ៨ទីតាំង នៃផ្លូវល្បឿនលឿន។ ដើម្បីទទួលបានឧបករណ៍ ETC-OBU សូមបងប្អូនភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណម្ចាស់យានយន្ត បណ្ណសំគាល់យានយន្ត ឬវិញ្ញាបនបត្រត្រួតពិនិត្យបច្ចេកទេសយានយន្ត (ឆៀក)។
ចំពោះគន្លងនេះ បងប្អូនអាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន តាមកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
បច្ចុប្បន្នមានគ្រឹះស្ថានដៃគូ ចំនួន៧ ដែលបានដាក់ឱ្យប្រើប្រាស់ នូវកម្មវិធី Mobile Banking ដើម្បីបញ្ចូលសមតុល្យទឹកប្រាក់ តាមរយៈផ្លាកលេខសម្គាល់យានយន្ត ក្នុងនោះរួមមាន៖ ធនាគារ ជីបម៉ុង(Chip Mong Bank) ធនាគារ អេស៊ីលីដា(ACLEDA Bank) ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ធនាគារវីង(Wing Bank) និងធនាគារ វឌ្ឍនៈ(VATTANAC Bank) ធនាគារកាណាឌីយ៉ា(Canadia Bank)និង លីហួរវេរលុយ ។
សូមចូលទៅកាន់វែបសាយដែលអាចប្រើប្រាស់ធនាគារទូទាត់កម្រៃប្រើប្រាស់ផ្លូវល្បឿនលឿនបានតាម https://ew.mpwt.gov.kh បន្ថែមពីលើជម្រើសការប្រើប្រាស់គន្លងផ្លូវETC បងប្អូនក៏អាចជ្រើសយកការចេញចូលតាមគន្លងANPR ផងដែរ ដែលតម្រូវអោយបញ្ចូលសមតុល្យជាមុនទៅក្នុងផ្លាកលេខដូចគ្នា។
ទំនាក់ទំនង៖
⁃ ព័ត៌មានពីសេវាកម្ម៖ 1399
⁃ ព័ត៌មានទូទៅ៖ 1275




ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT
ព័ត៌មានជាតិ
រសៀលនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូក សរុប ការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកសន្និបាតបូកសរុប ការ ងារ ឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី ធ្វើឡើងរយៈ ពេល៤ថ្ងៃចាប់ពីថ្ងៃទី ២១ ខែមីនា ដល់ថ្ងៃទី២៤ខែមីនាឆ្នាំ ២០២៣។សន្និបាតនេះ មានការអញ្ជើញ ចូល រួមពីថ្នាក់ដឹកនាំក្រសួ ងកសិកម្ម ថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ ប្រ ធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំង២៥រាជធានី-ខេត្ត វិស័យឯកជន ដៃគូអភិវឌ្ឍ សហគមន៍ និងកសិករផងដែរ។ វិស័យកសិកម្ម គឺជាវិស័យដ៏មានសារៈ សំខាន់មួយសម្រាប់ទ្រទ្រង់ដល់ការរស់នៅ និងជំរុញសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងយកឱកាសនេះ ធ្វើការក្រើន រំលឹក និងដាក់ចេញនូវ អនុសាសន៍មួយ ចំនួន ដើម្បីជំរុញលើការងារកសិកម្ម ។ បើតាមឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងនៅក្នុងថ្ងៃបើកសន្និបាតនោះថា សន្និបាតនេះ ជាការចូលរួមសមូ ហភាពពីថ្នាក់ដឹកនាំ វិស័យឯកជន ដៃគូអភិវឌ្ឍ សហគមន៍ កសិករ រួមគ្នាកំណត់ទិសដៅកសិកម្ម ដោយមិនគ្រាន់តែ ជាការ បូក សរុបនោះទេ។ ការបូកសរុបទៀត សោត គឺត្រូវចេញជាលទ្ធផលស្តាប់បាន យល់បាន និងចាំបាន ដោយឱ្យសាធារណ ជនដឹងពីសមិទ្ធផលក្រសួងសម្រេចបាន និងចូលរួមអបអរសាទរ។
ឯកឧត្តម រដ្ឋមន្ត្រី ឌិត ទីណា បានគូស បញ្ជាក់ថា វិស័យកសិកម្មនៅតែបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាពប្រជាជន កាត់បន្ថយភាពក្រីក្រ បង្កើនការនាំចេញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ទោះបីជាទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ និងវិបត្តិសកលក៏ដោយ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២២កន្លងទៅ ផលិតកម្មដំណាំ សម្រេច បានចំនួន ៣៤.៧១លានតោន ក្នុងនោះដំណាំស្រូវចំនួន ១១.៦២លានតោន ដោយ មានអតិរេក (សល់) ៦.២៩លានតោន ដំណាំសាកវប្បកម្មចំនួន ៤.៤២លានតោន និង ដំណំាឧស្សាហកម្មចំនួន ១៨.៦៧លានតោន។
ចំពោះការនាំចេញជាផ្លូវការនូវផលិតផលកសិកម្ម ដោយសម្រេចបានលទ្ធផលសរុបជិត ៥ពាន់លានដុល្លារអាមេរិក ស្មើនឹង ៨.៦ លានតោន ទៅ កាន់ ទិសដៅ ៧៤ ប្រទេស កើនឡើង ៧.៨ភាគរយ ធៀបឆ្នាំ២០២១ (៧.៩លានតោន) ក្នុងនោះការនាំចេញអង្ករសម្រេចបាន ៦៣៧ពាន់តោន កើនឡើង ៣.២៣ភាគរយ ធៀបឆ្នាំ២០២១ (៦១៧ពាន់តោន) និងកសិ ផលក្រៅពីស្រូវ អង្ករសម្រេច បាន ៥.៧៨ លានតោន កើនឡើង ១១.៦% ធៀបឆ្នាំ ២០២១(៥.០១លានតោន)។ ជារួមវិស័យកសិកម្មបានចូលរួមចំណែក ២២.២ ភាគ រយ ក្នុងផលិតផលសរុបក្នុង ស្រុក ។
ដោយឡែក ផលិតផលកៅស៊ូសម្រេចបានចំនួន ៣៨២ពាន់តោន កើនឡើង ៣.៨ ភាគរយ ធៀបឆ្នាំ២០២១។ ការនាំ ចេញកៅស៊ូ សម្រេចបានជាង ៣៧២ពាន់តោន គិតជាទឹកប្រាក់ចំនួន ៥២៧.៧៧ លានដុល្លារអាមេរិក កើនឡើង១.៨១ ភាគរយ ធៀបឆ្នាំ ២០២១។ ចំពោះវិស័យផលិតកម្មសត្វនៅតែបន្តធានាបានការផ្គត់ផ្គង់សាច់ និងផលិតផលសត្វ សម្រាប់បំពេញតម្រូវការរបស់ប្រជាពល រដ្ឋ។ ក្នុងឆ្នាំ២០២២ ផលិតកម្មសត្វសរុបសម្រេចបាន ៦៥.២០លានក្បាល កើន ឡើង ៨.៨ភាគរយ ធៀបឆ្នាំ២០២១ ក្នុងនោះ ការចិញ្ចឹមលក្ខណៈពាណិជ្ជកម្មបានកើនឡើងដល់ ៤១ភាគរយ ស្មើនឹង ២៦.៥៦លានក្បាល។ ការអភិវឌ្ឍវារីវប្ប កម្មគ្រប់រូបភាពត្រូវបានជំរុញ ដើម្បីធានាបាននូវការផ្គត់ផ្គង់ កាត់បន្ថយការនាំចូល និងរក្សា បានតុល្យភាពតម្លៃទីផ្សារ។ ផលនេសាទ និងវារីវប្បកម្មសម្រេចបានជាង ៨៦២ពាន់តោន ក្នុងឆ្នាំ២០២២ កើនឡើង ០.៦៨ភាគរយ ធៀបឆ្នាំ២០២១។
ពាក់ព័ន្ធនឹងអនុវិស័យព្រៃឈើ ក្រសួងបានសហការជាមួយស្ថាប័នស្រាវជ្រាវជាតិ-អន្តរជាតិ និងបានកត់ត្រា ឃើញនូវប្រភេទរុក្ខជាតិ និងសត្វព្រៃថ្មីៗមួយចំនួនថែម ទៀត ដូចជា កេសរកូល ២៥ប្រភេទ, រុក្ខជាតិផ្សេងៗ ៤៥០ប្រភេទ, ថនិកសត្វតូចៗ និងប្រចៀវ-ជ្រឹង ៧៩ប្រភេទ, បក្សី ១០៨ប្រភេទ, ឧរង្គសត្វ (ល្មូន) ២៥ប្រភេទ, ថលជលិកសត្វ (សត្វរស់ក្នុងទឹក និងលើគោកបាន) ២៥ប្រភេទ និងបាណកសត្វ និងសត្វឥតឆ្អឹងកង (សត្វល្អិត) ១៥០ប្រភេទ៕

ប្រភព៖ ក្រសួងព័ត៌មាន
ព័ត៌មានជាតិ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លីនៅពេលយប់ នៅបណ្ដាខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី នៅបណ្ដាសង្កាត់ចំនួន ៥ ដូចខាងក្រោម៖

១. នៅយប់ថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតទំហំ ៨០០មម ទៅ ២៥០មម នៅលើផ្លូវលេខ៥៥P នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
២. នៅយប់ថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ១៦០មម នៅលើផ្លូវលេខ៦០D សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៣. នៅយប់ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ៦៣មម នៅលើផ្លូវលេខ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
៤. នៅយប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ១៦០មម នៅលើផ្លូវលេខ២៩CC កែងនឹងផ្លូវលេខ១៤២CC សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៥. នៅយប់ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ៦០០មម នៅលើផ្លូវលេខ១១០ កែងនឹងផ្លូវលេខ៥៥P សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អាស្រ័យហេតុនេះ សូមលោកអភិបាល មេត្តាជួយផ្សព្វផ្សាយព័ត៌មាន ជូនប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើ ដែលនឹងត្រូវរងការខ្វះទឹករយៈពេលខ្លីនេះ ដើម្បីត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ ក្នុងរយៈពេលដូចបានជម្រាបជូនខាងលើ ដោយក្តីអនុគ្រោះ ៕





ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority