ព័ត៌មានជាតិ

អគ្គលេខាធិការដ្ឋាន ជូនដំណឹងពីការផ្តល់ ឬប្ដូរអត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរ ជូនមន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ

BY
srey nuch
December 2, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គលេខាធិការដ្ឋាន នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្តល់ ឬប្ដូរអត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរ។

អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម បានចាត់ក្រុមការងារបច្ចេកទេសចុះអនុវត្តជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា នៅតាមក្រសួង ស្ថាប័ន និងរាជធានី ខេត្ត មកផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាជូនមន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ ចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំអគ្គនាយកដ្ឋានរដ្ឋបាល អគារ V ទីស្តីការក្រសួងមហាផ្ទៃ។

នីតិវិធី និងបែបបទសម្រាប់ស្នើសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានដូចខាងក្រោម៖

១. អ្នកដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព៖
– សាមីខ្លួន យកតែអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ដែលផុតសុពលភាព មកសុំបំពេញបែបបទ សុំផ្ដល់ឡើងវិញក្នុងករណីពុំមានការផ្លាស់ប្តូរទិន្នន័យ។
– សាមីខ្លួន ត្រូវភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ដែលផុតសុពលភាព និង សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ តាមអាសយដ្ឋានបច្ចុប្បន្ន ក្នុងករណីមានការផ្លាស់ប្តូរ អាសយដ្ឋាន។

២. អ្នកដែលបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៖ ត្រូវមានពាក្យបណ្ដឹង និងពាក្យសុំផ្តល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ចេញដោយប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលសាមីខ្លួន ស្នាក់នៅអចិន្ត្រៃយ៍។

៣. អ្នកដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របក ខូច ៖ ត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលរបក ខូចនោះ មកសុំប្តូរថ្មី ដោយពុំចាំបាច់មានឯកសារអ្វីទេ។

៤. អ្នកដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រើប្រាស់ សាមីខ្លួនត្រូវមាន៖
– សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លង សំបុត្របញ្ជាក់កំណើត ដែលបញ្ជាក់ថាមានសញ្ជាតិខ្មែរ។
– សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: