ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរា នឹងរៀបចំប្រារព្ធពិធី «រំលឹកគុណអង្គរ» រយៈពេល៣ថ្ងៃ បើកឱ្យសាធារណជនចូលរួមដោយសេរី

    BY Khmernote Media December 2, 2022
    អាជ្ញាធរជាតិអប្សរា នឹងរៀបចំប្រារព្ធពិធី «រំលឹកគុណអង្គរ» រយៈពេល៣ថ្ងៃ បើកឱ្យសាធារណជនចូលរួមដោយសេរី

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីកម្មវិធីនានា ក្នុងព្រឹត្តិការណ៍ “រំលឹកគុណឣង្គរ” ដែលបើកឱ្យសាធារណជនចូលរួមដោយសេរី។

    អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជ្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ដើម្បីចូលរួមអបអរសាទរខួប៣០ឆ្នាំនៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធី «រំលឹកគុណអង្គរ» នៅក្នុងរមណីយដ្ឋានអង្គរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ តាមកម្មវិធីនានា ដូចខាងក្រោម៖

    ១- ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២៖

    -ចាប់ពីម៉ោង៦ព្រឹក៖ ពិធីបើកព្រឹត្តិការណ៍រំលឹកគុណអង្គរ ក្នុងនោះបងប្អូនប្រជាពលរដ្ឋអាចចូល រួមដាក់បាត្រព្រះសង្ឃ ចំនួន១៣០អង្គ ផ្នែកខាងមុខប្រាសាទអង្គរវត្ត ជាមួយអាជ្ញាធរជាតិអប្សរា

    – ចាប់ពីម៉ោង១៨យប់តទៅ មានការរៀបចំព្រឹត្តិការណ៍រាត្រីចងចាំ ក្នុងនោះនឹងមានការសំដែង សិល្បៈទស្សនីយភាពនានា ដោយក្រុមសិល្បៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ កម្មវិធីដែលបើក ឱ្យទស្សនាដោយសេរីជូនសាធារណជនជាតិ និងអន្តរជាតិនេះ នឹងរៀបចំនៅបរិវេណខាងក្រោយ នៃប្រាសាទអង្គរវត្ត។

    ២-ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីម៉ោង១៨យប់តទៅ នឹងមានការសំដែងសិល្បៈអាយ៉ៃឆ្លើយឆ្លងដោយ លោកតាស្មៀនំ ម៉ាញ នៅបរិវេណព្រះលានជល់ដំរី នៃក្រុងអង្គរធំ។ កម្មវិធីនេះ បើកឱ្យចូលទស្សនាដោយសេរី។

    ៣-ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីម៉ោង១៨យប់តទៅ នឹងមានជាការសំដែងសិល្បៈល្ខោនស្បែកធំ ដោយ ក្រុមសិល្បៈវត្តរាជបូរណ៌ នៅបរិវេណអតីតទីស្នាក់ការប៉ូលីសបេតិកភណ្ឌចាស់ ជាប់នឹងទីលានប៉ារីស ប្រាសាទអង្គរវត្ត។ កម្មវិធីនេះ ក៏នឹងបើកឱ្យចូលទស្សនាដោយសេរីផងដែរ។

    ក្នុងន័យដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ដ៏មានសារសំខាន់ខាងលើនេះ អាជ្ញាធរជាតិអប្សរា ក៏នឹងមានរៀបចំ ការទស្សនានៅតាមការដ្ឋាន និងសារមន្ទីរនានារបស់អាជ្ញាធរជាតិអប្សរា ជូនភ្ញៀវទេសចរ និងសាធារណជន ចូលរួមដោយសេរី ដើម្បីសិក្សា ស្វែងយល់អំពីកិច្ចការងារអភិរក្ស និងកិច្ចការរៀបចំតំបន់រមណីយដ្ឋានអង្គររបស់អាជ្ញាធរជាតិអប្សរា តាមកាលបរិច្ឆេទដូចមានក្នុងតារាងជូនភ្ជាប់នេះ ៕

    ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

    Share This Post: