សិល្បៈ
ស្រស់ស្អាត និងមានអត្ថន័យ! ឈុតតំណាងជាតិបវរកញ្ញាចក្រវាលកម្ពុជា ដែលត្រៀមយកទៅប្រកួត បវរកញ្ញាចក្រវាល នៅសហរដ្ឋអាមេរិក នាដើមឆ្នាំក្រោយ
- BY
- Naren
- December 19, 2022
ខណៈប្រកួតបវកញ្ញាចក្រវាល ឆ្នាំ២០២២ កាន់តែកៀកចូលមកដល់ ថ្មីៗនេះបវកញ្ញាចក្រវាលកម្ពុជា បានបញ្ចេញឈុតតំណាងជាតិដ៏ស្រស់ស្អាត ប្រកបដោយក្បូរក្បាច់រចនា ថែមទាំងបង្កប់អត្ថន័យជ្រាលជ្រៅ។ ឈុតតំណាងជាតិដែលកម្ពុជា ត្រៀមយកទៅប្រកួត Miss Universe ឆ្នាំ២០២២ គឺឈុត រុក្ខទេពធីតា ជាឈុតច្នៃបែបសហសម័យរួមបញ្ជូលសិល្បៈបុរេប្រវត្តិសាស្ត្រ នរគភ្នំ និងអង្គរ បានដកស្រង់តាមរឿងនិទានក្នុងព្រះពុទ្ធសាសនា ដែលសាច់រឿងនោះបានអប់រំមនុស្សឱ្យចេះទប់នូវកំហឹងរបស់ខ្លួន ចេះស្រលាញ់ជីវិតសត្វមនុស្សនឹងធម្មជាតិ ចេះចែករំលែកសេចក្តីសុខនិងមិនបៀតបៀនបំផ្លាញជីវិតអ្នកដទៃ ចេះរស់នៅដោយសន្និភាពក្នុងការកើតមកមានជីវិតរួមលោកតែមួយ។

ខាងក្រោមនេះជាព័ត៌មានលម្អិតទាក់ទងនឹង«ឈុតរុក្ខទេពធីតា»

១-គោមលើក្រណាត់ត្រូវបានឌិនត្បូងតាមក្បាច់លើស្គរមហោរធឹក(តាំងក្នុងសារៈមន្ទីជាតិភ្នំពេញ) និងមានរំយោលរោមសត្វសងខាងត្រង់ភ្លៅពីរ រចនារូបរាងថ្មីតាមក្បាច់ចម្លាក់នៃប្រាសាទថ្មដាប់លើភ្នំគូលែន(រូបភាព Nagaeyes KH )។
២-កញ្ឆែរចនាជារូបរាងដើមរំដួលពណ៍បៃតងមានផ្កាតាមមែក និងសត្វស្លាបចម្រុះពណ៍ដែលបង្ហាញពីភាពស្រស់ស្អាតនៃធម្មជាតិដែលអាស្រ័យជីវិតជាមួយគ្នាទៅវិញទៅមក(រូបភាពសៀវភៅតន្ត្រីនៅប្រទេសខ្មែរ)។
៣-ម៉ូតសក់រចនាឡើងតាមម៉ូតបុរាណនៃចម្លាក់ដីដុតមកពីអង្គរបុរីនិងចម្លាក់អង្គរលម្អដោយផ្ការំដួលលើសក់(ចម្លាក់តាំងក្នុងសារៈមន្ទីជាតិភ្នំពេញ)។
៤- ក្រវិលមាស សម័យហ្វូណន កងដៃកងជើងរចនារូបរាងថ្មីតាមកងដៃសំរិទ្ធិ និងចង្ក្រង់មកពីភូមិស្នាយខេត្តបន្ទាយមានជ័យយុគដែក(សៀវភៅ ប្រភពនិងការវិវត្តន៍គ្រឿងអលង្ការខ្មែរសម្រាប់ទេវតានិងមនុស្ស)។
៥-ការរចនាការស្លៀកបុឹងតាមតាមចម្លាក់លើដងកាំបិតស្នៀត(តាំងក្នុងសារៈមន្ទីជាតិភ្នំពេញ) និងចម្លាក់នៃប្រាសាទបាយ័ននិងបន្ទាយស្រី និងចម្លាក់មនុស្សលើស្គរមហោរធឹក។
៦-សុរងកនឹងចង្កេះរចនាតាមម៉ូតអប្សរា និងចម្លាក់ក្មេងៗដែលមានរំយោចង្កេះដោយចង្ក្រង់ និងច្នៃជារំយោលរោមសត្វ។
=>ចំពោះការរចនាពណ៍គឺយកតាមពណ៍នៃដើមរំដួល មានពណ៍ដើម ស្លឹកនិងផ្កាជាគោល។ ចំពោះតួអង្គដែលគ្រងគឺតំណាងឱ្យទេពធីតាមួយអង្គដែលអាស្រ័យជីវិតក្នុងដើមរំដួល និងជាជីវិតនៃដើមរំដួល ដើមរំដួលគឺជាសំបករូបនៃឈុតដែលតួគ្រង ចំពោះឈុតដែលតួគ្រងគឺតំណាងនូវព្រលឹងរបស់តួដែលជីវិតពីរនេះខ្វះគ្នាមិនបាន នៅលើឈុតមានការចនារំយោលរោមសត្វនឹងចង្ក្រង់គឺតំណាងនៃជីវិតសត្វដែលអាស្រ័យជីវិតនៅលើដើមរំដួលមានសម្លេងឆ្លើយឆ្លងដូចជាតន្ត្រីធម្មជាតិ។




សូមរំលឹកថាកញ្ញា ហង្ស ម៉ានីតា បវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២២ បានត្រៀមខ្លួនរួចជាស្រេចក្នុងការចេញទៅប្រកួត Miss Universe 2022 ដែលនឹងធ្វើឡើងនៅឆ្នាំក្រោយ។ មហាជនមានក្តីសង្ឃឹមថា បវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២២ នឹងមានលទ្ធផលល្អ ក្រោយពីបានធ្វើការហ្វឹកហាត់នៅប្រទេសហ្វីលីពីន ជាពិសេសកញ្ញាអាចប្រើប្រាស់បាន៤ភាសា គឺភាសាខ្មែរ បារាំង អង់គ្លេស នឹង អេស្ប៉ាញ។ កម្មវិធី បវរកញ្ញាចក្រវាល នឹងធ្វើឡើងនៅទីក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋអាមេរិក ហើយវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣៕ រូបភាពនិងប្រភព៖ Miss Universe Cambodia


សិល្បៈ
ស៊ីហ្គេមសម្រេចយកបទ”ស្រឡាញ់អ្វីដែលខ្មែរមាន” សម្ដែងឈុតធំជាផ្លូវការអ្នកសម្ដែងអាចដល់ឈានដល់ជាង1,000នាក់ ជូនថ្នាក់ដឹកនាំអាស៊ានទស្សនា ក្នុងពិធីបិទព្រឹត្តិការណ៍ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម
បទ”ស្រឡាញ់អ្វីដែលខ្មែរមាន”ឬ CAMBODIAN PRIDE របស់ផលិតកម្ម Galaxy Navatra ដែលជាបទចម្រៀងមួយមានអ្នកទស្សនាច្រើនជាងគេ មិនធ្លាប់មាននៅកម្ពុជា ត្រូវបានគណៈកម្មការ រៀបចំការប្រកួតកីឡាស៊ីហ្គេម ២០២៣ សម្រេចយកទៅច្រៀងបិទការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្មវិធីគ្រោងធ្វើនៅថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២៣នេះ ដោយត្រៀមឈុតធំអ្នករាំជាង 1000នាក់។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយផលិតកម្ម Galaxy Navatra បានកំពុងតែធ្វើការជាមួយគ្នាយ៉ាងញាប់ដៃញាប់ជើង ដើម្បីធ្វើ កិច្ចការងារនេះឲ្យល្អប្រសើរបំផុត ។ ក្រុម អ្នករាំខ្ទង់1000 នាក់ ដែលសុទ្ធតែជាស្ត្រី ស្លៀកសំលៀកបំពាក់ខ្វាស៊េដែលបានថតក្នុងMV មិនត្រូវយកមកប្រើឡើយ ពោលដើម្បីឲ្យត្រូវទម្រង់វប្បធម៌ជាតិ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជ្រើសរើសក្រុមអ្នកជំនាញរាំមកពីសិស្សសាលាវិចិត្រសិល្បៈ រៀមច្បមបង្ហាត់រាំឲ្យកាន់តែស្ទាត់ជំនាញ ជាមួយការគ្រងសំលៀកបំពាក់ប្រពៃណីយ៉ាងស្រស់ស្អាត។
ទាក់ទងនឹងការចំណាយលើការងារ ហាត់សម និងសំលៀកបំពាក់ នៃបទចម្រៀង មួយបទនេះ ត្រូវបានគេដឹងថា គ្រោងចំណាយថវិកាយ៉ាងច្រើន ។ ដើម្បីបុព្វហេតុជាតិ មាតុភូមិ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ផលិតកម្ម Galaxy Navatra បានរៀបចំផលិតឡើងយ៉ាងយកចិត្តទុកដាក់បំផុត ក្រោមការចុះដឹកនាំផ្ទាល់ពីសំណាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។
បទ”ស្រឡាញ់អ្វីដែលខ្មែរមាន”ឬ”CAMBODIAN PRIDE” បានធ្វើការផ្សព្វផ្សាយតំបន់ទេសចរណ៍ ការអភិវឌ្ឍន៍ និងភាព រីកចម្រើនរបស់កម្ពុជា ក៏ដូចជាការថែរក្សាសិល្បៈវប្បធម៌ បេតិកភណ្ឌជាតិ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
កំពូលតារា ៤ដួង ត្រូវបានជ្រើសរើសឲ្យច្រៀងបទចម្រៀងនេះ រួមមានកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រី កញ្ញា តន់ ចន្ទសីម៉ា។ បទចម្រៀងមួយបទនេះ និពន្ធដោយអ្នកនិពន្ធល្បីៗ មានដូចជា លោក សុខ ជំនោរ -លោក ខាំ ភូរិ -ឯកឧត្តម ហ៊ឹម នភា -ឧកញ៉ា យឹម តាស្រង់
និង ឯកឧត្តម ខេមរៈ ភារុណ។
ជាមួយនឹងស្នាដៃធំអស្ចារ្យមួយនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរជាខ្លាំង ចំពោះការផលិតបទ «ស្រឡាញ់អ្វីដែលខ្មែរមាន» របស់ផលិតកម្មហ្គាឡាក់ស៊ី របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រាផងដែរ។ មហាជនក៏ដូចជាថ្នាក់ដឹកនាំគ្រប់ស្ថាប័នក្រសួងនានា ពិសេសេ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានចេញលិខិតថ្លែងអំណរគុណ និង កោតសរសើរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ព្រមទាំងអ្នកនិពន្ធ សិល្បករ សិល្បការិនី និងក្រុមការងារទាំងអស់ ដែលបានចូលរួមផលិតបទចម្រៀង”ស្រឡាញ់អ្វីដែលខ្មែរមាន” ឬ (Cambodian Pride) ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានចាត់ទុកថា ការផលិតបទចម្រៀង បទ”ស្រឡាញ់អ្វីដែលខ្មែរមាន”ឬ (Cambodian Pride) ដែលបង្កប់នូវសិល្បៈវប្បធម៌ ប្រពៃណី និងការអភិវឌ្ឍសង្គមកម្ពុជា គឺជាការរួមចំណែកដ៏សំខាន់របស់វិស័យឯកជន ក្នុងការផ្សព្វផ្សាយពីកត្តាសុខសន្តិភាព ស្ថេរភាពសង្គម និងបានលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ជាពិសេស បានរួមចំណែកធ្វើឲ្យព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កាន់តែកក្រើក និងអធិកអធមដើម្បីបន្សល់ទុកអនុស្សាវរីយ៍ចងចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នេះដល់កូនខ្មែរគ្រប់ជំនាន់។
ជាមោទនភាពជាតិ ត្រឹមរយៈពេលជាង២សប្ដាហ៍ប៉ុណ្ណោះបទ”ស្រឡាញ់អ្វីដែលខ្មែរមាន” ឬ CAMBODIAN PRIDE របស់ផលិតកម្ម Galaxy Navatra មានអ្នកចូលទស្សនារហូតដល់ 63លានដងឯណោះ នៅលើYoutube ផ្លូវការ Galaxy Navatra មានឈ្មោះថា Cam-Pop Galaxy Navatra ដែលចំនួននេះ អាចនិយាយបានថា សម្រាប់បទចម្រៀងនៅប្រទេសកម្ពុជា មិនធ្លាប់មានឡើយនា ពេលកន្លងមក៕

