បច្ចេកវិទ្យា

ចិនប្រើប្រាស់មនុស្សយន្តធ្វើការវះកាត់អ្នកជំងឺទទួលបានប្រសិទ្ធិភាពខ្ពស់ជាងប្រើមនុស្សជាអ្នកវះកាត់ទៅទៀត

BY
Khmernote Media
January 22, 2019

ចិន៖ កាលពីពេលថ្មីៗនេះ ប្រទេសចិនទើបតែទទួលបានជោគជ័យថ្មីមួយក្នុងការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យារបស់ខ្លួន តាមរយៈការប្រើប្រាស់មនុស្សយន្តធ្វើការវះកាត់អ្នកជំងឺប្រកបដោយប្រសិទ្ធិភាពខ្ពស់បំផុត។ មន្ទីរពេទ្យដែលបានប្រើប្រាស់បច្ចេកវិទ្យាទំនើបដំបូងគេក្នុងប្រទេសចិននេះគឺជាមន្ទីរពេទ្យរបស់សាកលវិទ្យាល័យវេជ្ជសាស្ត្រ Anhui  ដែលមានទីតាងស្ថិតនៅក្នុងខេត្ត Anhui ភាគខាងត្បូងប្រទេសចិន។ អ្នកជំងឺមានឈ្មោះថា​ Wang អាយុ ៤២ ឆ្នាំ ហើយគាត់កើតមានជំងឺស្ពឹកជើង និងដៃខាងឆ្វេង ដែលជាធម្មតាជំងឺប្រភេទនេះត្រូវការពេលវេលាយូរក្នុងការវះកាត់ ហើយក្រោយពីការវះកាត់រួចអ្នកជំងឺអាចត្រូវការពេលវេលារហូតដល់ ២ សប្តាហ៍ ដើម្បីឲ្យមុខរបួសជាសះស្បើយឡើងវិញ។

យ៉ាងណាក្តី ការវះកាត់ដោយប្រើមនុស្សយន្តនេះត្រូវការពេលវេលាត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ ហើយមុខរបួសនៅលើខ្លួនអ្នកជំងឺមានទំហំតូចជាងការវះកាត់ធម្មតាគឺមានទំហំត្រឹមតែ ១​ សង់ទីម៉ែត្រ ក្រោយពីវះកាត់រួចអ្នកជំងឺអាចក្រោយអង្គុយបានក្នុងថ្ងៃដែលវះកាត់នោះ ហើយអ្នកជំងឺត្រូវការរយៈពេលត្រឹមតែ ១ សប្តាហ៍ប៉ុណ្ណោះ ដើម្បីឲ្យមុខរបួសជាសះស្បើយដូចដើមវិញ។ បើតាមតំណាងមន្ទីរពេទ្យខាងលើបានបញ្ជាក់ថា បច្ចេកវិទ្យាថ្មីនេះមានតម្លៃ ១៥ លានយន់ (២,៣១ លានដុល្លារអាមេរិក)៕

អត្ថបទ៖ ភក្តី

ប្រភព៖ nextshark

Share This Post: