ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង គាំទ្រឱ្យបិទយានដ្ឋានជួសជុលរថយន្តគ្មានច្បាប់ជាបន្ទាន់ ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពចរាចណ៍

BY
srey nuch
January 31, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) មានប្រសាសន៍​គាំទ្រឱ្យបិទយានដ្ឋានជួសជុលរថយន្តគ្មានច្បាប់ជាបន្ទាន់ ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពចរាចណ៍ នេះយោងតាមការថ្លែងក្នុងពិធីកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ “យានដ្ឋានជួសជុលដោយឥតច្បាប់ ឥឡូវនេះសមត្ថកិច្ចមានអស់ហើយ ដែលមានសិទ្ធបើកនឹងបិទ អ៊ឹចឹងទេ សូមឱ្យរដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យកន្លែងណា ដែលយានដ្ឋានជួសជុល អត់មានច្បាប់ អត់មានវិជ្ជាជីវ អត់មានសមត្ថភាពជំនាញពិតប្រាកដ ដូច្នេះប្រសិនជាជួសជុលរបូតកង់ មិនមែនធម្មតានោះទេ គឺគ្រោះថ្នាក់ណាស់ អ៊ឹចឹងហើយ គឺសូមបិទជាបន្ទាន់និងគាំទ្រឱ្យបិទតែម្ដង។ ហើយបើគាត់រត់មករកច្បាប់ យើងអាចពិនិត្យបានដែរ មិនមែនអត់នោះទេ ប៉ុន្តែយើងក៏ត្រូវផ្ដល់លក្ខណៈវិនិច្ឆ័យដែលយើងកំណត់ ឱ្យគាត់ ត្រូវមានជំនាញសមត្ថភាពពិតប្រាកដ ដើម្បីធានាគុណភាព ខ្ញុំឯកភាពត្រូវពិនិត្យឱ្យបានម៉ត់ចត់។ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋឱ្យខ្លាចច្បាប់ ជាងខ្លាចប៉ូលិស និងសូមឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលពិនិត្យមើល គឺថាចាប់ផ្ដើមឆ្មក់ ស្រុកគេក៏ធ្លាប់ឆ្មក់ដូចគ្នាដែរ ប៉ុន្តែសូមធ្វើយ៉ាងម៉េចកុំរឿងហ្នឹង ដូចជាទៅជា កុងត្រូលជជុះ មើលរឿងហ្នងឱ្យមែនទែន។ ” ស្ដាប់ប្រសាសន៍លម្អិត របស់សម្ដេចក្រឡាហោម ស ខេង ខាងក្រោម៖

Share This Post: