ព័ត៌មានជាតិ

ក្រសួងអប់រំ ចេញគោលការណ៍ណែនាំដល់សិស្សនិទ្ទេស A ដែលត្រូវចូលរួមក្នុងពិធីសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃស្អែកនេះ

BY
srey nuch
February 1, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្ដីជូដំណឹង ស្ដីពី ការចូលរួមពិធីសំណេះសំណាលជាមួយសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ និងសញ្ញាបត្របច្ចេកទេស និងវិជ្ចាជីវៈកម្រិត៣ សម័យប្រឡង៖ ២០ តុលា ២០២២ ដែលទទួលបាននិទ្ទេស A នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។។

ដើម្បីឱ្យពិធី នេះប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងទទួលបានភាពជោគជ័យ អ្នកចូលរួមទាំងអស់ត្រូវអនុវត្តដូចខាងក្រោម៖

-ត្រូវទទួលបានការធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ ដោយក្រុមគ្រូពេទ្យ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបញ្ជាក់លទ្ធផលអវិជ្ជមាន។

-ត្រូវបិទ Sticker ដែលបញ្ជាក់ថាអវិជ្ជមានជំងឺកូវីដ-១៩។

-គោរពពេលវេលា វិន័យ សណ្តាប់ធ្នាប់ក្នុងពិធី (សូមអញ្ជើញមកដល់ទីតាំងប្រារព្ធពិធី ម៉ោង ០៦:៣០ នាទី ជាកំណត់)។

-ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល ត្រូវពាក់នូវប័ណ្ណសម្គាល់ពេលចូលរួមពិធី និងអង្គុយតាមប្លង់ ដែលបានរៀបចំជូន

អ្នកចូលរួមមិនត្រូវអនុវត្តដូចខាងក្រោម៖

-ហាមយកសាក់កាដូ ឬ កាបូប ដបទឹក និងភេសជ្ជៈផ្សេងៗ ចូលក្នុងពិធី

-ហាមយកវត្ថុមុតស្រួច និងអាវុធជាតិផ្ទុះ ដែលអាចបង្កហានិភ័យក្នុងពិធី កូវីដ-១៩

-ហាមចូលរួមពិធី ក្នុងករណីធ្វើតេស្តវិជ្ជមានកូវីដ-១៩ ឬ សង្ស័យថាមានអាការៈជំងឺ

-ហាមបង្កសំឡេងរំខានក្នុងអំឡុងពេលថ្នាក់ដឹកនាំកំពុងថ្លែងសុន្ទរកថា។

សូម អ្នកចូលរួមទាំងអស់ ត្រូវសហការក្នុងការអនុវត្តតាមគោលការណ៍ណែនាំនេះ ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ៕

ប្រភព៖ MoEYS Cambodia

Share This Post: