ព័ត៌មានជាតិ

ប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្ត ៧ ០០០នាក់ បម្រើដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣

BY
srey nuch
February 2, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ CAMSOC និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃពុធ ១១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្ត បម្រើដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC បានដាក់ក្ដីសង្ឃឹមថា កម្ពុជានឹងបានទទួលនូវការចុះឈ្មោះរបស់អ្នកស្ម័គ្រចិត្តជាច្រើន ដើម្បីចូលរួមបំពេញការងារ ក្នុងកិច្ចការស៊ីហ្គេមរបស់ជាតិ ឱ្យទទួលបានជោគជ័យ។

ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ថ្ងៃនេះ គឺជាព្រឹត្តិការណ៍មួយដ៏សំខាន់ណាស់។ យើងដឹងហើយថា អ្នកស្ម័គ្រចិត្ត គឺជា DNA របស់ព្រឹត្តិការណ៍កីឡាដ៏ធំ ហើយកន្លងមកយើងក៏បានធ្វើការរៀបចំបែងចែក គឺការចាត់តាំង ការប្រើប្រាស់របស់គណៈកម្មការស្ម័គ្រចិត្តនេះ ទៅតាមគ្រប់ផ្នែកអស់ ហើយក្នុងនោះក៏មាននៅក្នុងគណៈកម្មការជំនាញផងដែរ គណៈកម្មការជំនាញនឹងទទួលយកអ្នកស្ម័គ្រចិត្តទាំងឡាយ ដើម្បីទៅចូលរួមការងារជាមួយគណៈកម្មការជំនាញ ពិសេសក្នុងការរៀបចំការប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ និងការងារជំនាញ ដែលមានការពាក់ព័ន្ធ។

ឯកឧត្តមបណ្ឌិត បានបន្ថែមថា «ថ្ងៃនេះ ស.ស.យ.ក. ឯកឧត្ដមប្រធាន ហ៊ុន ម៉ានី មានការយកចិត្តទុកដាក់ណាស់។ នេះគឺជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ ស.ស.យ.ក. ក្នុងការគាំទ្រដល់ព្រឹត្តិការណ៍ស៊ីហ្គេមរបស់យើង។ ក្រៅពីការងារ ឯកឧត្តមបានដឹកនាំ Beyond the Games គឺការងារចូលរួមរបស់យុវជនស្ម័គ្រចិត្ត ហើយជាការងារមានសារៈសំខាន់ និងជាគន្លឹះ ក្នុងការកំណត់ជោគជ័យ នៃមហាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះ »។

គណៈកម្មាធិការជាតិ CAMSOC ត្រូវការអ្នកស្ម័គ្រចិត្តប្រមាណ ៧ ០០០នាក់ ដើម្បីបម្រើដល់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ដែលមានប្រតិភូប្រមាណពី៧ ទៅ៨ពាន់នាក់ចូលរួម ហើយឯកឧត្តមបណ្ឌិត ថោង ខុន បានដាក់ក្ដីសង្ឃឹមថា នឹងបានទទួលនូវការចុះឈ្មោះរបស់អ្នកស្ម័គ្រចិត្ត ទៅតាមតម្រូវការនេះ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចចិត្តដ៏ខ្ពង់ខ្ពស់ ក្នុងការទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាលើកដំបូងនៅកម្ពុជា និងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC-CAMAPGOC ដែលបានផ្ដល់ឱកាសឱ្យ ស.ស.យ.ក. បានចូលរួមចំណែកជាមួយមហាព្រឹត្តិការណ៍នេះ ដើម្បីចូលរួមរៀបចំប្រកបដោយភាពរលូនអស្ចារ្យ និងជោគជ័យដ៏ត្រចះត្រចង់។

ឯកឧត្តមបន្ដថា «ការចូលរួមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា សំខាន់គឺធ្វើយ៉ាងណាឱ្យភ្ញៀវកិត្តិយសទាំងអស់ អាចមកដល់កម្ពុជាបានស្គាល់ពីកម្ពុជាបច្ចុប្បន្ន និងវិលត្រឡប់ទៅវិញនឹកនូវអនុស្សាវរីយ៍ នៃការចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ យើងចង់ក្លាយជាម្ចាស់ផ្ទះមួយ ដោយមោទនភាព និងបញ្ចេញអស់ពីសមត្ថភាព ក្នុងការផ្ដល់បដិសណ្ឋារកិច្ចល្អ ធ្វើយ៉ាងណាឱ្យមិត្តភក្តិបរទេសអាចចងចាំ ហើយស្គាល់ថា អ្វីទៅគឺជា “កម្ពុជាបច្ចុប្បន្ន” មុននឹងគេត្រឡប់ទៅវិញ ហើយពេលគេត្រឡប់ទៅវិញ គេនៅតែនឹកឃើញយើងជានិច្ច»។

តាមរយៈការឯកភាពពីសម្ដេចពិជ័យសេនា ទៀ បាញ់ គឺស.ស.យ.ក. គឺជាដៃគូសហការជាមួយគណៈកម្មការជំនាញចំនួន៣ ក្នុងចំណោមគណៈកម្មការទាំង ១៣របស់ CAMSOC ទី១-គណៈកម្មការផ្សព្វផ្សាយ ដែលចូលរួមមួយផ្នែកតូច គឺផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមប្រព័ន្ធផ្សព្វផ្សាយនានារបស់ខ្លួន ជាក់ស្ដែងដូចជាយុទ្ធនាការ Beyond The Games ជាដើម។ ទី២-គណៈកម្មការវប្បធម៌ បរិស្ថាន អប់រំ និងកីឡា និងទី៣-គណៈកម្មការអ្នកស្ម័គ្រចិត្ត។

ឯកឧត្តមបានបញ្ជាក់ថា អ្នកស្ម័គ្រចិត្តនេះ មិនមែនទាល់តែជាសមាជិក ស.ស.យ.ក. ទើបចូលរួមបាននោះទេ ព្រោះនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្ររបស់កម្ពុជា ដែលប្រជាពល រដ្ឋ និងយុវជនទូទៅទាំងក្នុង និងក្រៅប្រទេស សុទ្ធតែអាចចូលរួមបាន។ សម្រាប់ ស.ស.យ.ក. ដោយសារមានបទពិសោធន៍ខ្លះៗ នៃកិច្ចការងារស្ម័គ្រចិត្ត និងការហ្វឹកហាត់កន្លងមក ដូចជា “យើងជាខ្មែរ” ជាដើម ទើបចូលរួមឱ្យអស់ពីលទ្ធភាព ដើម្បីបំពេញតម្រូវការរបស់គណៈកម្មការ អ្នកស្ម័គ្រចិត្ត និងតម្រូវការគណៈកម្មការជំនាញផ្សេងទៀត។

ឯកឧត្តម ហ៊ុន ម៉ានី បន្ដថា «យុវជនស្ម័គ្រចិត្ត មិនត្រឹមតែអ្នកសម្របសម្រួល ធ្វើឱ្យការអនុវត្ត និងការប្រព្រឹត្តទៅនៃកម្មវិធីជោគជ័យទេ ប៉ុន្ដែកត្ដាធំជាងហ្នឹងទៀត សំខាន់គឺគាត់ជាយុវជនសុច្ឆន្ទៈរបស់កម្ពុជា។ អាកប្បកិរិយារបស់គាត់ ការបំពេញភារកិច្ចរបស់គាត់ និងអ្វីដែលជាភាពរួសរាយ ឥរិយាបថរបស់គាត់ គឺឆ្លុះបញ្ចាំងអ្វីទៅជាកម្ពុជា ដែលជាប្រទេស និងមានប្រជាជន ក្នុងការផ្ដល់នូវភាពកក់ក្ដៅ និងបដិសណ្ឋារកិច្ចល្អជូនដល់បរទេស ដែលជាមិត្តភក្តិមកចូលរួមនៅកម្ពុជា» ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: