ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យក្រសួងអប់រំ និងអាជ្ញាធររាជធានីភ្នំពេញរកទីតាំងដី ដើម្បីសាងសង់អន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រ្តី

BY
Liny Chan
February 2, 2023

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យក្រសួងអប់រំ និងអាជ្ញាធររាជធានីភ្នំពេញរកទីតាំងដី សម្រាប់សាងសង់អន្តេរវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រី។ សម្ដេចបានមានប្រសាសន៍ដូច្នេះ នៅក្នុងក្នុងពិធីជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបចំនួន ១,០៤៩នាក់ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ “ខ្ញុំ សូមស្នើឱ្យពិនិត្យមើលបន្ថែមទៀត ឯកឧត្តម ឃួង ស្រេង មើលថាកន្លែងយើងអាចបង្កើត អន្តេវាសិកមួយទៀត បើទោះបីអាចនៅឆ្ងាយបន្តិច​ ដូចជាយើងដាក់នៅមន្ទីរពេទ្យ ដែលយើងអាចនៅសល់ទីកន្លែង ដើម្បីអាចរៀបចំអន្តេវាសិក ដែលយើងកំពុងរៀននោះ ​បន្តិចទៀតយើងត្រូវទទួលនិស្សិតបរទេសទៀត និងនិស្សិតនៅក្នុងប្រទេស។ ចឹងខ្ញុំសូមដាក់បញ្ហាហ្នឹងទៅឱ្យសាលាក្រុងភ្នំពេញ ពិនិត្យមើលអំពីលទ្ធភាពនូវដីធ្លីរបស់យើងមួយចំនួន ដើម្បីកសាងជាអន្តេវាសិកសម្រាប់សិស្សក្រីក្ររបស់យើង ជាពិសេសសិស្សស្ត្រីរបស់យើងតែម្ដង ខ្ញុំចង់បាន ២០០ទៅ ៣០០គ្រែទៀត សម្រាប់សិស្សរបស់យើង​ ក្នុងការទទួលបាននូវការសិក្សា។ បញ្ហារបស់យើងឥឡូវនេះគឺខ្វះកន្លែងស្នាក់នៅ​ និស្សិតជាបុរសៗអាចទៅនៅតាមវត្តលោក ប៉ុន្តែនិស្សិតជានារីមិនអាចនៅវត្តលោកបានទេ “។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា៖ “អាចប្រើប្រាស់ដីនៅ មរតកតេជោ កន្លែងកីឡដ្ឋាន ដែលមានទំហំធំ យើងអាចយកជ្រុងណាមួយកសាងនៅអន្តេវាសិកដ្ឋាន អ់ីចឹងទេ សូមឱ្យសិក្សាមើលជាមួយគ្នាសាលាក្រុង ក្រសួងអប់រំ និងកីឡា ដែលយើងមានដីហើយ យើងអាចចាប់ដីកន្លែងហ្នឹងធ្វើតែម្ដង មួយឆ្នាំយើងធ្វើបន្តិច ​មួយឆ្នាំទៀតយើងធ្វើបន្តិច ដំបូងយើងអាចចាប់ផ្ដើម១អគារ ២អគារ ដែលមាន ១០០ ទៅ៣០០គ្រែ ដើម្បីយើងបង្កើនចំនួនសម្រាប់និស្សិតជាស្ត្រីរបស់យើង រាប់ទាំងនិស្សិតបរទេសដែលមកសិក្សានៅក្នុងប្រទេសដែរ ” ៕

Share This Post: