ព័ត៌មានជាតិ

ពិធីចុះចាប់ត្រីតាមបែបបុរាណ ដែលតែងតែមានអ្នកចូលរួមរាប់ម៉ឺននាក់ ក្នុងបឹងត្រពាំងក្រម នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ នឹងធ្វើឡើងក្នុងខែកុម្ភៈនេះ

BY
srey nuch
February 2, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលស្រុកមេមត់ បានចេញសេចក្តីជូនដំណឹងជាផ្លូវការ ពាក់ព័ន្ធនឹងថ្ងៃប្រារព្ធពិធី ពេលវេលា និងកម្មវិធី ក្នុងពិធីចុះចាប់ត្រីតាមបែបបុរាណ នៅក្នុងបឹងត្រពាំងក្រម ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងខ្លឹមសារ សេចក្តីជូនដំណឺងរបស់ រដ្ឋបាលស្រុកមេមត់ បានឲ្យដឹងថា យោងមតិដឹកនាំ របស់ឯកឧត្តមបណ្ឌិត អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលស្រុកមេមត់ សូមគោរពជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា សប្បុរសជន លោក លោកស្រី អ្នកនាង កញ្ញា បងប្អូនប្រជាពលរដ្ឋ និងបងប្អូនអាជីវករ មេត្តាជ្រាបថា៖ នៅថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ចាប់ពីម៉ោង ៩:០០នាទីព្រឹក តទៅ នៅក្នុងបរិវេណបឹងត្រពាំងក្រម ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នឹងរៀបចំពិធីចុះចាប់ត្រីតាមបែបបុរាណ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង លោកជំទាវ ។

កម្មវិធី៖-ម៉ោង ៩០០នាទី ជួបជុំភ្ញៀវកិត្តិយស និងប្រជាប្រិយមិត្ត នៅក្នុងបរិវេណបឹងត្រពាំងក្រម -ម៉ោង ៩៖៣០នាទី គណៈអធិបតី និងសហការី អញ្ជើញដល់ -ម៉ោង ៩៖ ៤៥នាទី ប្រសាសន៍សំណេះសំណាលរបស់ឯកឧត្តមគណៈអធិបតី -ម៉ោង ១០៖១៥នាទី ចាប់ផ្តើមចុះក្នុងបឹងត្រពាំងក្រម ដំណើរការចាប់ត្រី តាមបែបបុរាណ ឧបករណ៍សម្រាប់ចាប់ត្រី រួមមាន៖ អង្រុត ឈ្នាង ត្រក ក្លុះ ។ល។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ សប្បុរសជន លោក លោកស្រី អ្នកនាង កញ្ញា បងប្អូនប្រជាពលរដ្ឋ និង បងប្អូនអាជីវករ អញ្ជើញចូលរួម តាមកាលបរិច្ឆេទ និង ទីកន្លែងខាងលើ ដោយមេត្រីភាព។

សូមជម្រាបផងដែរថា បឹងត្រពាំងក្រម គឺស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានផ្ទៃជម្រាលប្រមូលទឹក៣០ហិកតា និងមានបឹងតូចៗ ២០បឹង ជាសាខា ព្រមទាំងមានរុក្ខជាតិលិចទឹកជាច្រើនប្រភេទ ហើយរៀងរាល់ដើមឆ្នាំក្នុងអំឡុងខែកុម្ភៈ ប្រជាពលរដ្ឋនៅទីនេះ តែងតែប្រារព្ធពិធីចាប់ត្រី យកមកចំអិនហូបជុំគ្នា ដែលជាទំនៀមទំលាប់ តាំងពីដើមរហូតមកដល់សព្វថ្ងៃ។

ខណៈដែលជារៀងរាល់ឆ្នាំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាឧត្តមភរិយា តែងតែដឹកនាំមន្ត្រីរាជការ អញ្ជើញទៅដោយផ្ទាល់ ជាមួយប្រជាពលរដ្ឋរាប់ម៉ឺននាក់ ចុះចាប់ត្រី យកមកចំអិន ជួបជុំពិសារយ៉ាងសប្បាយរីករាយ ក្រោមម្លប់សន្តិភាព៕

ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

Share This Post: