ព័ត៌មានជាតិ

សម្តេចតេជោផ្តល់ប័ណ្ណកម្មសិទ្ធិផ្ទះសម្បែងជូនពលរដ្ឋជាង ១២០០គ្រួសារ នៅបុរីកីឡាជាមួយនឹងការលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗទៀត

BY
srey nuch
February 3, 2023

រាជធា​នីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រជាពលរដ្ឋប្រមាណជាង ១ ២០០គ្រួសារ រស់នៅក្នុងអគារបុរីកីឡាទាំង ៨អគារ បានបង្ហាញពីក្តីរំភើបរីករាយចិត្តយ៉ាងខ្លាំង ខណៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនជូនពួកគាត់ ជាមួយនឹងការលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗថែមទៀតនោះ។

ការបង្ហាញពីក្តីរំភើបរីករាយចិត្ត ពីសំណាក់ប្រជាពលរដ្ឋជាង ១ ២០០គ្រួសារនេះ បានបង្ហាញឱ្យឃើញនៅពេលដែល ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះសំណេះ សំណាល និងរៀបចំយុទ្ធនាការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិ លើចំណែកឯកជនចំនួន ១ ៣៩២ យូនីត ស្មើនឹងជាង ១ ២០០គ្រួសារ ជូនពួកគាត់ នាព្រឹកសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ កុម្ភៈឆ្នាំ២០២៣នេះ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ដោយពិនិត្យឃើញអំពីស្ថានភាពរបស់បងប្អូន និងដើម្បីជួយសម្រួលឱ្យបងប្អូន ទទួលបានកម្មសិទ្ធិស្របច្បាប់ លើចំណែកឯកជន នៃអគារសហកម្មសិទ្ធិបុរីកីឡា ក៏ដូចសម្រាលបន្ទុកក្នុងការបង់ពន្ធ-អាករ និងសេវាសុរិយោដីនានា ក្នុងដំណើរការបំពេញនីតិវិធីកសាងប័ណ្ណកម្មសិទ្ធិខាងលើ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចឱ្យអាជ្ញាធររាជធានីភ្នំពេញ រៀបចំបែបបទ ដើម្បីចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិលើចំណែកឯកជន ចំនួន ១ ៣៩២យូនីត នៃអគារបុរីកីឡាទាំង ៨អគារ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រមាណជាង ១ ២០០គ្រួសារ ជាមួយនឹងការលើកលែងនូវការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗ ព្រមទាំងសេវាអន្តរក្រសួងនានា ក្នុងការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិ លើចំណែកឯកជន ចំនួន ១ ៣៩២យូនីត នៃអគារបុរីកីឡាទាំង ៨អគារ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់។

ឯកឧត្តម ឃួង ស្រេង បានបន្តថា នេះពិតជាស្ដែងឱ្យឃើញអំពីការយកចិត្តទុកដាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងអគារបុរីកីឡាទាំង ៨អគារ ។

តាមរយៈការជួយសម្រួលដល់ការធ្វើប័ណ្ណកម្មសិទ្ធិខាងលើ ដោយពុំចំណាយថវិកាលើការបង់ពន្ធ-អាករផ្សេងៗ និងសេវាអន្តរក្រសួងនានានោះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងអគារបុរីកីឡា បន្តគាំទ្រសម្តេចតេជោ ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបានឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត ក៏ដូចជាគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ផងដែរ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: