ព័ត៌មានជាតិ
ធ្វើដូចម្តេចដើម្បីក្លាយជាអ្នកស្ម័គ្រចិត្តសម្រាប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣?
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Cambodia 2023 នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា គណៈកម្មការស្ម័គ្រចិត្ត នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រកាសទទួលអ្នកស្ម័គ្រចិត្តជាផ្លូវការ ដើម្បីជាផ្នែកមួយនៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។

ក្នុងឱកាសដែលកម្ពុជា ត្រូវចាប់ផ្ដើមមុនសម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះ កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ លើ៣៦ប្រភេទកីឡា បូកកីឡាសម្ដែង ១ប្រភេទ តម្រូវការអ្នកស្ម័គ្រចិត្ត ត្រូវបានរំពឹងថា នឹងជ្រើសរើសចំនួន ៦,៩៦៣នាក់ ដូច្នេះការចូលរួមគឺជាចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យព្រឹត្តិការណ៍ដំណើរការទៅយ៉ាងរលូន។
* អំពីអ្នកស្ម័គ្រចិត្ត៖
អ្នកស្ម័គ្រចិត្តត្រូវបានបែងចែកជា ៣កម្រិត រួមមាន៖ ថ្នាក់ដឹកនាំ ជនបង្គោល និងអ្នកស្ម័គ្រចិត្តទូទៅ។ ក្នុងតម្រូវការអ្នកស្ម័គ្រចិត្តប្រមាណ ៧,០០០នាក់ គណៈកម្មការបានបើកទូលាយជូនដល់សាធារណជនចូលរួម ព្រមទាំងផ្ដល់នូវ ៥០កន្លែងដល់អ្នកស្ម័គ្រចិត្តជាជនជាតិបរទេស។ លើសពីនេះក៏ត្រូវការអ្នកស្ម័គ្រចិត្ត នៅខេត្តសៀមរាប ចំនួន ១០០នាក់ ខេត្តព្រះសីហនុ ចំនួន ១០០នាក់ ខេត្តកែប ៥០នាក់ និងខេត្តកំពត ៥០នាក់។
* ការចូលរួមស្ម័គ្រចិត្ត៖
អ្នកស្ម័គ្រចិត្តត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
– អាយុចាប់ពី ១៨ឆ្នាំឡើងទៅ (គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣)
– មានពេលវេលាគ្រប់គ្រាន់
– មានសុខភាពល្អ ដើម្បីបំពេញការងារ
– មានឆន្ទៈ និងទំនួលខុសត្រូវខ្ពស់ក្នុងការងារ
– មានអាកប្បកិរិយាស្លូតបូត និងសុភាពរាបសា
– លើកទឹកចិត្តចំពោះជនមានពិការភាព គ្រូបង្វឹកកីឡា អតីតកីឡាករ កីឡាការិនី
– ចេះភាសាអង់គ្លេស (សម្រាប់អ្នកស្ម័គ្រជាអ្នកសម្របសម្រួល LO)
អ្នកស្ម័គ្រចិត្តត្រូវមានឯកសារតម្រូវ៖
– រូបថត (ទំហំ ៤គុណ៦) អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន និងជីវប្រវត្តិសង្ខេប
– ឆ្លងកាត់ការចុះឈ្មោះតាមអនឡាញ (Online Registration) និងត្រូវឆ្លងកាត់កិច្ចសម្ភាសន៍ ព្រមទាំងចូលរួមវគ្គបណ្ដុះបណ្ដាលភារកិច្ចដែលអ្នកស្ម័គ្រចិត្តនឹងធ្វើពេលព្រឹត្តិការណ៍។
* វិធី និងដំណាក់កាលនៃការបំពេញពាក្យជាអ្នកស្ម័គ្រចិត្ត៖
បើកទទួលចុះឈ្មោះពីថ្ងៃទី០១ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ដោយចូលទៅកាន់ https://cambodia2023.com/km/volunteer-register
ការបំពេញពាក្យស្នើសុំត្រូវបានកំណត់ជា ៣ដំណាក់កាល ហើយបេក្ខភាពដែលបំពេញពាក្យស្នើសុំបានជោគជ័យ នឹងទទួលបានសារបញ្ជាក់នៅលើ Telegram ឬនៅលើ E-mail។ បន្ទាប់ពីត្រូវបានជ្រើសរើស បេក្ខជននឹងត្រូវឆ្លងកាត់សម្ភាសន៍ ស្របតាមស្ដង់ដាដាក់ពិន្ទុដែលកំណត់ (ចំនួន៦ផ្នែក) ដើម្បីធានានូវតម្លាភាព។ ចំពោះការងារដែលមានតម្រូវការជំនាញកម្រិតខ្ពស់ នឹងមានការចូលរួមសម្ភាសន៍ពីគណៈកម្មការជំនាញ។
* ការប្រកាសលទ្ធផល៖
បេក្ខជនដែលបានជាប់នឹងទទួលបានសារបញ្ជាក់ពីជោគជ័យក្នុងការក្លាយខ្លួនទៅជាអ្នកស្ម័គ្រចិត្ត សម្រាប់ព្រឹត្តិការណ៍កីឡា និងបន្តចូលរួមវគ្គបណ្ដុះបណ្ដាលដែលបានរៀបចំដោយគណៈកម្មការ តាមរយៈ Telegram និង E-mail។
* ការបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្ត៖
ការបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្ត ត្រូវបានបែងចែកជា ២កម្រិតរួមមាន៖ ១. កម្រិតថ្នាក់ដឹកនាំ និងជនបង្គោល។ ២. កម្រិតអ្នកស្ម័គ្រចិត្តទូទៅ។
កម្រិតថ្នាក់ដឹកនាំ និងជនបង្គោល មានរយៈពេល ៣ថ្ងៃ ស្មើនឹង ១៨ម៉ោង ខណៈកម្រិតអ្នកស្ម័គ្រចិត្តទូទៅ មានរយៈពេល ២ថ្ងៃ ស្មើនឹង ១៣ម៉ោងកន្លះ។
* អត្ថប្រយោជន៍អ្នកស្ម័គ្រចិត្តទទួលបាន៖
-អាវយឺត ចំនួន ២
-ខោ ចំនួន ២
-មួក ចំនួន ១
-កាតាប ចំនួន ១
-លិខិតថ្លែងអំណរគុណ
-ផ្គត់ផ្គង់អាហារ ដោយបានគិតគូរដល់បងប្អូនខ្មែរឥស្លាម និងអ្នកមានប្រតិកម្មអាហារផ្សេងៗ៕


ប្រភព៖ Cambodia 2023
ព័ត៌មានជាតិ
ជនដៃឆើតចំនួន ២នាក់ មុខសញ្ញាលួចម៉ូតូប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៩:៤០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវលូ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចយកម៉ូតូរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ចំនួន០៤ករណី។

ករណីទី១៖ ករណីយកដែកសំប៉ែតចុងស្រួចរាងអក្សរT ធ្វើសកម្មភាពកាច់បំបែកសោកុងតាក់ម៉ូតូលួចយកម៉ូតូ ម៉ាកហុងដា ZOOMERX ពណ៌ ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខបន្ទាយមានជ័យ ១O-៥៦៧៧ ប្រព្រឹត្តនៅចំណុចមុខតូចលក់ដូរ ផ្លូវជាតិលេខ៦ ក្រុម០៥ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០២:៣០នាទីទៀបភ្លឺ ។ ជនរងគ្រោះឈ្មោះ សឹង សិរីរតនា ភេទ ស្រី អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ករណីទី២៖ ករណីគាស់សោទ្វារបន្ទប់ជួលចូលលួចម៉ូតូ ចំនួន០៣គ្រឿង ប្រព្រឹត្តនៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវបេតុង ក្រុម៤ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០២:៤៥ នាទីទៀបភ្លឺ។
១- ជនរងគ្រោះឈ្មោះ ណន់ សំ ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវលំ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រ។ សម្ភារបាត់បង់៖ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខកំពង់ឆ្នាំL-០៨៨៧។
២- ជនរងគ្រោះឈ្មោះ ចាន់ ណូរ៉ង់ ភេទ ប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវលំ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រ។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ សៀមរាប ១AG-១៣៩០។
៣-ជនរងគ្រោះឈ្មោះ សាក់ សំណាង ភេទ ប្រុស អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវលំ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រ។ សម្ភារបាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ កំពង់ឆ្នាំង១H-៩៥៩៥។
ករណីទី៣៖ ករណីយកដែកសំប៉ែតចុងស្រួចរាងអក្សរT ធ្វើសកម្មភាពកាច់បំបែកសោកុងតាក់ម៉ូតូលួចយកម៉ូតូ ម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០២៣ មិនចាំពាក់ផ្លាកលេខ) ប្រព្រឹត្តនៅចំណុចមុខកំពង់ដពោងលឿង ក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៣:៣០នាទី ទៀបភ្លឺ។
ករណីទី៤៖ ករណីយកដែកសំប៉ែតចុងស្រួចរាងអក្សរT ធ្វើសកម្មភាពកាច់បំបែកសោកុងតាក់ម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខភ្នំពេញ ១GZ-៦២២៩ ប្រព្រឹត្តនៅចំណុចផ្ទះជួលមានបន្ទប់ជួល ផ្លូវបេតុង ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ម៉ោងប្រហែល ០២:៣០នាទី។
ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១- ឈ្មោះ អាន ប៊ុនធុច ភេទ ប្រុស អាយុ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
២- ឈ្មោះ ជា ណារ័ត្ន ហៅ ពៅ ភេទ ប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ស សេរីឆ្នាំ ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ១AC-២៣៦០, ដែកចុងស្រួចសម្រាប់កាច់សោកុងតាក់ម៉ូតូ ចំនួន០២ដើម, សោខ្សៀររាងអក្សរអិល(L) មួយចំនួន, វ៉ាលី ម៉ាកSaint ពណ៌ ទឹកប្រាក់ ចំនួន០១, ផ្លាកលេខម៉ូតូ ចំនួន០៣ (ផ្លាកលេខសៀមរាប១S-៦០៩៦, ផ្លាកលេខភ្នំពេញ ១GZ-៦២២៩, ផ្លាកលេខកំពង់ស្ពឺ១C-១៣៣៦), ដាវកែច្នៃ ពណ៌ ស ចំនួន០១ដើម, ឧបករណ៍សំរាប់ដោះ និងកឹបផ្លាកលេខម៉ូតូមួយចំនួន, ឧបករណ៍កែច្នៃសំរាប់កាច់បំបែកគ្រាប់សោកម៉ូតូមួយចំនួន, ម៉ូទ័រសំរាប់កាត់ដែក ចំនួន០១គ្រឿង, កន្ត្រៃសំរាប់កាត់ដែក ចំនួន០១ និងពូថៅ ចំនួន០១ដើម, គ្រឿងបន្លាស់ម៉ូតូ មួយចំនួន, ឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕




ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ