ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ អំពាវនាវឱ្យប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណអស់សុពលភាពមកបំពេញបែបបទ ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណថ្មីយកទៅប្រើប្រាស់
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព មេត្តារួសរាន់មកបំពេញបែបបទ ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ដោយហេតុថាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព នឹងគ្មានតម្លៃប្រើប្រាស់ សម្រាប់ការទទួលយកសេវារដ្ឋបាលផ្សេងៗ ជាពិសេសមិនអាចបំពេញសិទ្ធិក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខទេ។

ក្រសួងមហាផ្ទៃ ក៏សូមជម្រាបជូនប្រជាពលរដ្ឋដែលធ្វើចំណាកស្រុកហើយមកបំពេញការងារជាកម្មករកម្មការិនី ឬការងារផ្សេងៗ ជាពិសេសនៅរាជធានីភ្នំពេញ អាចអញ្ជើញមកបំពេញបែបបទសុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ នៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានអាសយដ្ឋានសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជនីភ្នំពេញ ឬនៅផ្សារអីអន២ សែនសុខ ដោយមិនចាំបាច់អញ្ជើញទៅឃុំ សង្កាត់ ដែលជាលំនៅដ្ឋានអចិន្ត្រៃយ៍របស់ខ្លួននោះទេ។
យោងតាមទិន្នន័យដែលស្រង់ចេញពីប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបានផ្តល់ជូនចាប់ពីឆ្នាំ២០១២ និងក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៣ គិតដល់ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រូវអស់សុពលភាពប្រើប្រាស់មានចំនួន ១.៧២៧.០៩៤នាក់។ ក្នុងនោះផងដែរសម្រាប់លទ្ធផលនៃការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា គិតត្រឹមថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ បានចំនួន ៦១៦.៧២១នាក់ ហេតុនេះចំនួននៅសល់ដែលត្រូវបន្តផ្ដល់ មានចំនួន ១.១១០.៣៧៣នាក់ ទៀត។
ក្រសួងមហាផ្ទៃ នឹងបន្តជំរុញផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាតាមគ្រប់មធ្យោបាយទាំងអស់ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមាន តម្លៃប្រើប្រាស់ក្នុងការទទួលយកសេវារដ្ឋបាលផ្សេងៗ និងក្នុងការបំពេញសិទ្ធិនយោបាយរបស់ខ្លួន៕


ប្រភព៖ ក្រសួងមហាផ្ទៃ Ministry of Interior Cambodia
ព័ត៌មានជាតិ
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការបកស្រាយបញ្ជាក់ករណីប៉ូលិសចរាចរណ៍ឃាត់រថយន្តមួយគ្រឿងផាកពិន័យ នៅខាងកើតសាលាស្រុកស្អាង
ខេត្តកណ្ដាល៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមបំភ្លឺជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ នង សុខហៀង បានបង្ហោះមានខ្លឹមសារថា៖ «សម័យសន្តិភាព គេខ្លាចបំផុតគឺចោរប្លន់តែប៉ុណ្ណោះ តែគួរអោយខ្លាចនោះគឺលោកប៉ូលិសបន្ទាប់ពីលោកចោរ។ »

តាមប្រភពខាងលើ បានបន្តឱ្យដឹងថា៖ «មុនដំបូងហៅឡានខ្ញុំ ខ្ញុំសួរគាត់ថាបងខ្ញុំខុសអីសួរ៥ដងបានលោកប៉ូលិសឆ្លើយថាបងបើកឡានលេងទូរស័ព្ទ។ ខ្ញុំឆ្លើយថាបងឯងមើលខ្ញុំទៅលេងទូរស័ព្ទទេ ទូរស័ព្ទនៅប្រពន្ធខ្ញុំទុកក្នុងកាបូប ។ គាត់អោយខ្ញុំចុះជួបមេគាត់បានដឹង។ ខ្ញុំក៏ចុះទៅជួបមេ ខ្ញុំក៏ថាខ្ញុំខុសអីបងមេថាបងឯងខុសត្រង់លេងទូរស័ព្ទ ខ្ញុំថាខ្ញុំមិនមានទូរស័ព្ទជាប់ខ្លួនទេ។ គាត់ក៏បោះដៃទៅសួរអ្នកអោយការថាខុសអត់ពាក់ខ្សែក្រវ៉ាត់ ខ្ញុំឆ្លើយថាខ្សែក្រវ៉ាត់ខ្ញុំពាក់តាំងពីព្រែកបិមកម្ល៉េះ ខ្ញុំមិនបានដោះទេ។ គាត់ក៏បោះដៃសួរអ្នកអោយការម្តងទៀតគាត់ថាប្រពន្ធខ្ញុំអត់ពាក់ខ្សែក្រវ៉ាត់ម្តងវិញ។ លោកប៉ូលិសសម្តីក្រឡេកក្រឡុចខ្ញុំយកទូរស័ព្ទថតទុកជាភស្តុតាងបើបងឯងម្តងថាខ្ញុំបើកបរលេងទូរស័ព្ទ ម្តងថាអត់ពាក់ខ្សែក្រវ៉ាត់ ម្តងថាប្រពន្ធខ្ញុំចឹង។ ខ្ញុំខឹងពេកសូមធូបអ្នកជិតខាងមកអុជអោយស្បថហើយគាត់នាំគ្នាមកអុកឡុកកន្លែងគាត់ គាត់គំរាមយកឡានខ្ញុំទុកខ្ញុំថាយកដល់ណាក៏បានខ្ញុំមិនខ្លាចទេព្រោះខ្ញុំមិនខុស។ ទីតាំងនៅខាងកើតសាលាស្រុកស្អាងចម្ងាយ២០០ម៉ែត្រ។
ក្រោយពីពិនិត្យឃើញមានករណីនេះកើតឡើង ស្នងការដ្ឋាននគរបាលខេត្ត មានការសោកស្តាយចំពោះការចុះត្រួតពិនិត្យស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក របស់មន្រ្តីនគរបាលចរាចរណ៍ធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ។ ស្នងការដ្ឋាននគរបាលខេត្ត សូមការយោគយល់អធ្យាស្រ័យពីសំណាក់ម្ចាស់គណនីហ្វេសប៊ុក និងម្ចាស់រថយន្តខាងលើក៏ដូចជាសាធារណជនដែលប្រើប្រាស់បណ្តាញសង្គម។
ចំពោះមន្រ្តីនគរបាលដែលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកលើសពីតួនាទីភារកិច្ច ស្នងការដ្ឋាននគរបាលខេត្ត នឹងធ្វើការស្រាវជ្រាវឱ្យបានល្អិតល្អន់ប្រសិនជាពិនិត្យឃើញមានការអនុវត្តខុសតួនាទីភារកិច្ចពិតមែនចាត់វិធានការអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ។
សូមបញ្ជាក់ថា៖ បន្ទាប់ពីមានការប៉ះទង្គិចពាក់សម្តីរវាងសមត្ថកិច្ចនិងអ្នកបើកបររថយន្ត ស្រ្តីដែលជាប្រពន្ធអ្នកបើកបររថយន្តរួមដំណើរជាមួយគ្នា បានទទួលស្គាល់កំហុសថាខ្លួនពិតជាមិនបានពាក់ខ្សែក្រវ៉ាត់ និងសុំទោសសមត្ថកិច្ចដោយផ្ទាល់មាត់។ បន្ទាប់មកសមត្ថកិច្ចបានអប់រំបន្ថែមអនុញ្ញាតឱ្យធ្វើដំណើរបន្តដោយមិនបានផាកពិន័យនោះទេ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប៕»




ព័ត៌មានជាតិ
ពលរដ្ឋក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ដែលកំពុងខ្វះខាតទឹកប្រើប្រាស់ សូមមកទទួលយកទឹកស្អាតដោយមិនគិតថ្លៃ នៅតាមទីតាំងចំនួន២នេះ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមជម្រាបជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌ ពោធិ៍សែនជ័យ ដែលកំពុងខ្វះខាតទឹក ក្នុងរដូវប្រាំងនេះ សូមមកទទួលយកទឹកស្អាតដោយមិនគិតថ្លៃនៅតាមទីតាំងទាំងនេះ។

បើយោងតាមប្រភពខាងលើបានឱ្យដឹងថា រថយន្តដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ បានបន្តដឹកទឹកស្អាតចែកជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌ ពោធិ៍សែនជ័យ ដែលកំពុងខ្វះខាត ក្នុងរដូវប្រាំងនេះ។ សូមអរគុណឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ សំរាប់ការគាំទ្រឧបត្ថម្ភ គ្រប់បែបយ៉ាង។ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ប្តេជ្ញាអនុវត្ត និងប្រឹងប្រែង ដឹកទឹកផ្តល់ជូន ប្រជាពលរដ្ឋរៀងរាល់ថ្ងៃ តាមបណ្តាសង្កាត់ក្នុងមូលដ្ឋានខណ្ឌ។
ក្នុងករណីបងប្អូនមិនមានទឹកគ្រប់គ្រាន់ ក្នុងការប្រើប្រាស់ សូមអញ្ជើញ មកទទួលទឹកស្អាត ដោយមិនគិតថ្លៃ។
»ទីតាំងទី១៖ ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ។
»ទីតាំងទី២៖ ភូមិអណ្តូងតាអន សង្កាត់សំរោងក្រោម ៕


ប្រភព៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ
ព័ត៌មានជាតិ
កម្មវិធីភូមិខ្ញុំបានធ្វើជាថ្មី និងនាំមកវិញនូវវត្ថុយក្សទាំងអស់មកជុំគ្នា ដើម្បីដាក់តាំងបង្ហាញសាធារណជនទស្សនាកម្សាន្ត
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា ដើម្បីអបអរសាទរខួប ១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ កម្មវិធីភូមិខ្ញុំបានធ្វើជាថ្មី និងនាំមកវិញនូវវត្ថុយក្សទាំងអស់មកជុំគ្នាក្នុងពេលតែមួយក្នុងបរិវេណភូមិខ្ញុំ ដើម្បីដាក់តាំងបង្ហាញសាធារណជនទស្សនាកម្សាន្ត។

គិតមកត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នេះ វត្ថុយក្សជាច្រើនត្រូវបាននាំមកដាក់តាំងតាមកន្លែងបណ្តើរៗហើយ ដូចជា អង្រុតយក្ស បំពង់ទឹកត្នោតយក្ស កន្ត្រងប្រហុកយក្ស គោមយក្ស មួកយក្ស ជាដើម។ ដោយឡែក ចាប៉ីដងវែងយក្សដែលកំពុងរក្សាទុកនៅសាលាខេត្តបាត់ដំបង ក៏នឹងត្រូវនាំមកវិញនាពេលឆាប់ៗខាងមុខនេះដែរ។ រីឯវត្ថុយក្សមួយចំនួន ដូចជា ពងមាន់យក្ស និងសំបុកមាន់យក្សជាដើម កំពុងបន្តកែសម្រួលនិងនាំមកនាពេលឆាប់ៗខាងមុខនេះ។
ក្នុងឱកាសចុះពិនិត្យតាមដានវឌ្ឍនភាពការងារ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ សង្វារ ប្រធានគម្រោងកម្មវិធីភូមិខ្ញុំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តបញ្ជាក់ថា ដំណើរការរៀបចំផ្សេងៗនៃកម្មវិធីភូមិខ្ញុំ កំពុងដំណើរការដោយរលូន។ ការសាងសង់ ការតុបតែងលម្អ ការរៀបចំក្រុមការងារសម្តែង និងក្រុមការងារយុវជនស្ម័គ្រចិត្តផ្សេងៗ បានដំណើរដោយរលូននិងស្ទើររួចរាល់ទាំងស្រុងហើយ។
សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ កម្មវិធីភូមិមានការរៀបចំកម្មវិធីសម្តែងទាំងសល្បៈបុរាណ និងទម្រង់សិល្បៈប្រជាប្រិយជាច្រើនដូចជា ការសម្តែងរបាំបុរាណ ការរៀបចំពិព័រណ៍រូបនិងវត្ថុយក្ស ចាប៉ីដងវែង ពិណខ្មែរ ល្ខោនខោល ល្ខោនយីកេ ល្ខោនបាសាក់ រាំស្ករដៃ ភ្លេងគ្រឹម សៀករហស្សកម្ម និងល្បែងប្រជាប្រិយជាច្រើនប្រភេទ៕











ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department