ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួន ១០០,០០០ដុល្លារអាមេរិក ដល់តួកគី បន្ទាប់ពីសោកនាដកម្មគ្រោះរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រ

    BY Khmernote Media February 8, 2023
    រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួន ១០០,០០០ដុល្លារអាមេរិក ដល់តួកគី បន្ទាប់ពីសោកនាដកម្មគ្រោះរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការបរទេស នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា កម្ពុជា ប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួន ១០០,០០០ដុល្លារអាមេរិកដល់តួកគី បន្ទាប់ពីប្រទេសនេះរងនូវសោកនាដកម្មដោយគ្រោះរញ្ជួយដីដ៏កំណាច បណ្តាលឱ្យមានអ្នកបាត់បង់ជីវិតរាប់ពាន់នាក់ និងរបួសរាប់ម៉ឺននាក់។

    ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស បានឱ្យដឹងថា កម្ពុជា មានក្តីរន្ធត់បន្ទាប់ពីបានទទួល ព័ត៌មានអំពីសោកនាដកម្មនៃការបាត់បង់ជីវិតប្រជាជនរាប់ពាន់នាក់ និងអ្នករងរបួសរាប់ម៉ឺននាក់ ព្រមទាំងការខូចខាតយ៉ាងដំណំ បង្កឡើងដោយគ្រោះរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រ ដែលបានកើត ឡើងនៅខេត្តភាគអាគ្នេយ៍នៃសាធារណរដ្ឋតួកគី កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។

    រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅបំផុត និងបានចូលរួម រំលែកទុក្ខយ៉ាងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី ជាពិសេស ក្រុមគ្រួសារនៃសព ព្រមទាំងបានប្រសិទ្ធពរសព្វសាធុការជូនចំពោះអ្នករងរបួសទាំងអស់ និងតំបន់នានាដែលរងផល ប៉ះពាល់ សូមឆាប់ជាសះស្បើយ និងត្រូវបានស្ដារឡើងវិញឆាប់រហ័ស។

    ក្នុងស្មារតីមិត្តភាពជិតស្និទ្ធ សាមគ្គីភាព និងចូលរួមជួយសម្រាលទុក្ខលំបាករបស់រដ្ឋាភិបាល តួកគី រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបរិច្ចាគវិភាគទាន ជាទឹកប្រាក់ចំនួន ១០០,០០០ (មួយសែន) ដុល្លារអាមេរិក ជាជំនួយមនុស្សធម៌ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ៕

    ប្រភព៖ Ministry of Foreign Affairs and International Cooperation – Cambodia

    Share This Post: