លោកគ្រូអ្នកគ្រូ ដែលបានដាក់ពាក្យផ្ទេរឆ្លងខេត្ត ស្នើសុំឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួយពន្លឿនការប្រកាសលទ្ធផលផ្ទេរនេះឲ្យបានលឿន ព្រោះរង់ចាំរយៈពេលជិត ២ខែហើយ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ បានឱ្យដឹងថា លោកគ្រូអ្នកគ្រូដែលបានដាក់ពាក្យផ្ទេរឆ្លងខេត្ត ស្នើសុំឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួយពន្លឿនការប្រកាសលទ្ធផលផ្ទេរនេះ ពីព្រោះពួកគាត់ រង់ចាំរយៈពេល ២ជិតខែហើយ។

នៅគណនីហ្វេសប៊ុករបស់ ឯកឧត្តម ខៀវ កាញារីទ្ធ បានបង្ហោះខ្លឹមសារយ៉ាងដូច្នេះថា៖ “ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ សូមគោរពជម្រាបជូនលោកអ៊ំរដ្ឋមន្ត្រីក្រសួងព័ត៌មានជាទីគោរពដ៏ខ្ពង់ខ្ពស់ ខ្ញុំបាទតាងនាមឲ្យលោកគ្រូអ្នកគ្រូដែលបានដាក់ពាក្យផ្ទេរឆ្លងខេត្តតាមសហព័ទ្ធ សូមស្នើសុំឲ្យលោកអ៊ំរដ្ឋមន្ត្រីមេត្តាជួយឲ្យក្រសួងអប់រំ យុវជន និងកីឡា មេត្តាពន្លឿនការប្រកាសលទ្ធផលផ្ទេរនេះឲ្យបានលឿនផងចុះ ពីព្រោះពួកយើងខ្ញុំបានរង់ចាំលទ្ធផលផ្ទេរនេះតាំងពីចុងខែ១២មកម្លេះ ដែលមកទល់ពេលនេះបានឈានចូលក្នុងបវេសនកាលថ្មីក្នុងឆ្នាំសិក្សា២០២២-២០២៣ ជិត២ខែហើយ។”
ពួកយើងខ្ញុំត្រូវប្រឈមការធ្វើដំណើរផ្លូវឆ្ងាយ ក្នុងគ្រួសារមានកូនតូច មានទាំងឪពុកម្តាយចាស់ជរា ហើយក្នុងការធ្វើដំណើរត្រូវចំណាយថវិកាជាច្រើនទៀតក្នុងការទៅមកទៀតផង។ សូមលោកអ៊ំរដ្ឋមន្ត្រីមេត្តាជួយដល់ពួកយើងខ្ញុំទាំងអស់គ្នាផងចុះ។ សូមលោកអ៊ំរដ្ឋមន្ត្រី និងក្រុមគ្រួសារប្រកបទៅដោយសុខភាពល្អពេញបរិបូរណ៍ ៕


ប្រភព៖ Kanharith Khieu